ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ នៅតំបន់សមុទ្រ ដោយលាយឡំជាមួយខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ខ្យល់មូសុងនិរតីខ្លាំង បាននិងកំពុងបង្កើនឥទ្ធិពលមកលើ ប្រទេសកម្ពុជា ជាពិសេសតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅបង្គួរ និងបណ្តាខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។ ដូច្នេះហើយ ការធ្វើដំណើរ និងការនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ព្រោះជៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕ ដោយ៖កូឡាប