ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខា លើឯកសារនានា និងពិធីប្រកាសបើកជាផ្លូវការ នូវគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះ ចាប់តាំងពីឆ្នាំ២០០១ ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ រដ្ឋាភិបាលចិន បានសន្យាផ្លល់ហិរញ្ញប្បទានសហប្រតិបត្តិការមានទឹកប្រាក់ សរុបចំនួនប្រមាណ ៥.២៧៦លានដុល្លារ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោកស្រី Gao Yan, អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកស្រី មកព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៨-១៩ ខែ មិថុនា ឆ្នាំ ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំគណ:កម្មការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី ៥ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា។
បន្ទាប់មក លោកអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានមួយចំនួន និងពិធីប្រកាសជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ នៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ១) លិខិតប្រគល់ ទទួល នូវថវិកាហិរញ្ញប្បទានឥតសំណងចំនួន ២ ៥០០ ០០០ ដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោង កាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។ ថវិកាហិរញ្ញប្បទានឥតសំណងនេះនឹងត្រូវបានប្រើប្រាស់ សម្រាប់រួមចំណែកការងារសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រាប់វិស័យមនុស្សធម៌ នៅប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តដោយមជ្ឈមមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ផងដែរ។ ២) កិច្ចព្រមព្រៀងសម្រាប់រៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ។ តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំនាញចិននឹងមកធ្វើការសិក្សា ដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ដោយផ្តោតជាពិសេសទៅលើប្រព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹកផ្ទៃក្នុង ការដឹកជញ្ជូនតាមសមុទ្រ អាកាសចរស៊ីវិល និងឡូឌីស្ទីក។ ៣)កិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះបរមរាជវាំងនៅអង្គរ ខេត្តសៀមរាប។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួច ភាគីចិននិងសហការជាមួយអាជ្ញាធរអប្សារា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្តារឡើងវិញនូវស្ថាបត្យកម្ម ការងារពាក់ព័ន្ធនិងបុរាណវិទ្យា ការអភិរក្សចំលាក់ថ្ម ជាដើម។
ក្នុងឱកាសនោះ លោកស្រីអនុរដ្ឋមន្ត្រី Gao Yan រួមជាមួយនឹងលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿម ក៏បានរួមគ្នាប្រកាសបើកជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានឥតសំណងពីប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ។
គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្តង់សម្ភារៈ បរិក្ខារអប់រំនេះ នឹងសាងសង់អគារវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូចំនួន១ នៅរាជធានីភ្នំពេញ ១ នៅខេត្តកំពង់ចាម និង១ទៀត នៅខេត្តកណ្តាល ព្រមទាំងផ្គត់ផ្គង់បរិក្ខារចាំបាច់ផ្សេងទៀត។
ពិធិចុះហត្ថលេខា និងពិធីប្រកាសជាផ្លូវការនេះ គឺជាផ្លែផ្កាថ្មីៗ ទៀតកើតចេញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជាចិន ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សំដៅអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ។
គិតចាប់តាំងពីឆ្នាំ២០០១ ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ រដ្ឋាភិបាលចិន បានសន្យាផ្លល់ហិរញ្ញប្បទានសហប្រតិបត្តិការមានទឹកប្រាក់ សរុបចំនួនប្រមាណ ៥.២៧៦លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់សរុបចំនួនប្រមាណ ១.២២១លានដុល្លារ៕ ដោយ៖កូឡាប