ភ្នំពេញ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន ដើម្បីត្រួតពិនិត្យលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងបណ្តាឆ្នាំកន្លងមក និងលើកទិសដៅការងារ ជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យបានដល់ ៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ស្របតាមផែនការ ដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានដាក់ចេញនាពេលកន្លងមក។
នៅក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោកស្រី កៅ យាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងលោកស្រី កៅ យាន បានអបអរចំពោះកំណើនពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០១៧ ដែលសម្រេចបាន ប្រមាណ ៥.៨០០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ២១,៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៤.៧៦០លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅចិន បានកើនឡើងចំនួន ២២% ប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ៣.៩២៩លានដុល្លារប៉ុណ្ណោះ។ ភាគីទាំងពីរបានរំលេច អំពីវឌ្ឍនភាពសំខាន់ៗ នៃវិស័យពាណិជ្ជកម្មទ្វេភាគី លើការងារបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេស រាំងស្ទះការធ្វើពិពិធកម្ម ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលរួមមាន ផ្លែឈើ និងផលដំណាំផ្សេងទៀត។ ភាគីចិននឹងពិចារណាក្នុងការបង្កើន ការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកាត់បន្ថយអតុលុ្យភាពនៃជញ្ជីងពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលកន្លងមកតែងជួយគាំទ្រ ការអនុវត្តគម្រោងនានា របស់រដ្ឋាភិបាលកម្ពុជា និងបានកៀងគរវិនិយោគិន ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក្រោមក្របខណ្ឌផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ក្នុងបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ជាការឆ្លើយតប លោកស្រី កៅ យាន បានសន្យានឹងធ្វើការសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ។ លោកស្រីក៏បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលកន្លងមកតែងជួយសម្របសម្រួលវិនិយោគិនចិន និងគាំទ្រការរៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ៕ ដោយ៖កូឡាប