យោងតាមសារព័ត៌មាន Sohu News ប្តីប្រពន្ធមួយគូទើបតែរៀបការ បានផ្លាស់ពីជនបទមកទីក្រុង ដើម្បីធ្វើការ ដូច្នេះ ពួកគេនឹងត្រូវជួលផ្ទះជួល ដើម្បីស្នាក់នៅ។ បន្ទាប់ ពីដើរស្វែងរកមួយសន្ទុះ ក៏រកឃើញផ្ទះជួលមួយកន្លែង។
បន្ទាប់ពីចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះរួច ប្តីប្រពន្ធមួយគូនេះ បានរកឃើញទូរទស្សន៍ចាស់មួយនៅក្នុងផ្ទះ មានលក្ខណៈមិនសមហេតុផលសោះ ហើយដោយមើលទៅចង្អៀតខ្លាំង ពួកគេចង់រុះរើចេញ ប៉ុន្តែម្ចាស់ផ្ទះមិនយល់ព្រមឲ្យប្តូរគ្រឿងសង្ហារឹមនេះទេ។ ម្ចាស់ផ្ទះក៏បានបញ្ជាក់ថា ទូរទស្សន៍ និងឧបករណ៍រ៉ោតទ័រ (Router) ទាំងពីរនេះគឺមានភ្ជាប់អ៊ីនធឺណិត ដូច្នេះពួកគេអាចប្រើប្រាស់បានយ៉ាងងាយស្រួល។ ដោយសារតែធ្វើការនៅខាងក្រៅរាល់ថ្ងៃ ដល់ពេលល្ងាច ប្តីប្រពន្ធមួយគូនេះ គឺសឹងតែប្រើតែទូរស័ព្ទ និងកុំព្យូទ័រ ប៉ុណ្ណោះ ពោលគឺមិនដែលបើកទូរទស្សន៍មើលទេ តែមិនអាចធ្វើតាមការចង់បានរបស់ម្ចាស់ផ្ទះបាន ទើបត្រូវទុក «ទូរទស្សន៍ចាស់» នោះចោលជាបណ្តោះអាសន្ន។
រស់នៅទីនោះជាងកន្លះឆ្នាំ ដោយគ្មានបញ្ហាអ្វីឡើយ ប៉ុន្តែរហូតដល់ថ្ងៃមួយ នារីជាប្រពន្ធបានសម្ងួតសក់ក្បែរទូរទស្សន៍ ស្រាប់តែឮសូរសំឡេងចម្លែកៗ។ នាងបានបិទម៉ាស៊ីនសម្ងួត ហើយសំឡេងកាន់តែច្បាស់។ ប្រពន្ធពិតជាពិបាកយល់ណាស់ ព្រោះទូរទស្សន៍មិនបានដោតភ្លើង ក៏មិនបើក ធ្វើម៉េចមានសំឡេងបែបនេះ?។
ភ្លាមនោះ ប្រពន្ធបានហៅប្តីមកមើល ស្រាប់តែប្រទះឃើញប្រហោងខ្មៅតូចមួយនៅគែមទូរទស្សន៍។ ដោយមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតី ប្ដីប្រពន្ធមួយគូនេះបានប្រើទួណឺវីស ហើយដោះទូរទស្សន៍ចេញ ហើយរកឃើញនៅខាងក្នុងមានឧបករណ៍មួយ ដែលមើលទៅដូចជាកាមេរ៉ា ប៉ុន្តែតូចខ្លាំងណាស់។
ប្តីប្រពន្ធមួយគូនេះបានដកទុក បន្ទាប់ពីពួកគេបានរកឃើញវា ព្រោះខ្លាចក្រែងថាពួកគេត្រូវបានគេថតដោយសម្ងាត់ ជាពិសេសនៅពេលដែលទូរទស្សន៍ត្រូវបានដាក់ទល់មុខគ្រែ ដែលអាចថតរូបភាពឯកជនរបស់ពួកគេបានយ៉ាងងាយស្រួល។ ប្ដីប្រពន្ធបានទូរស័ព្ទទៅម្ចាស់ភ្លាមៗ ប៉ុន្តែម្ចាស់ផ្ទះនោះនិយាយថា គាត់មិនដឹងអ្វីទេ។ ក្រោយមក ប្តីប្រពន្ធនេះបានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិសក្រុង Fuzhou ដើម្បីសុំឱ្យមកពិនិត្យករណីនេះ។
បន្ទាប់ពីប៉ូលីសមកដល់ និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពួកគេបានបញ្ជាក់ថា វាជាកាមេរ៉ាដែលលាក់ដោយភ្ជាប់ទៅបណ្តាញនៃ Router នៅក្នុងផ្ទះ ហើយនៅខាងក្នុងក៏មាន Memory Card ទំហំ 32 GB ផងដែរ។ នៅពេលដែលប៉ូលីសបើកវា ខាងក្នុងនៃកាតមេម៉ូរី ស្ទើរតែបានកត់ត្រារូបភាពជីវិតឯកជនប្រចាំថ្ងៃរបស់ប្តីប្រពន្ធមួយគូនេះ ភាគច្រើនតាំងពីម៉ោង ៩ យប់ រហូតដល់ព្រឹកបន្ទាប់ ដែលពួកគេចេញទៅធ្វើការ។
បន្ទាប់ពីការស៊ើបអង្កេតពីរបីថ្ងៃ ប៉ូលីសបានរកឃើញថា កាមេរ៉ាលាក់នេះត្រូវបានដំឡើងដោយបុរសម្នាក់ឈ្មោះ Vuong (វឿង) ដែលជាអ្នកជួលផ្ទះពីមុន។ គូស្នេហ៍មួយគូនេះ មានការតក់ស្លុត និងភ័យខ្លាច នៅពេលដឹងការពិតនេះ ប៉ុន្តែក៏មានសំណាង និងធូរស្រាលផងដែរ ដែលដឹងថា Vuong មិនបានទាញយក ឬចែកចាយរូបភាពឯកជនរបស់ពួកគេតាមអ៊ីនធឺណិត។
ក្រោយមក Vuong បានប្រាប់ប៉ូលីសថា គាត់មិនបានដំឡើងកាមេរ៉ាទេ ក្នុងគោលបំណងលួចថតគូស្នេហ៍ទាំងពីរទេ។ តាមពិតទៅគាត់ធ្លាប់រស់នៅជាមួយមិត្តស្រីក្នុងផ្ទះសំណាក់នេះ ព្រោះខ្លាចមិត្តស្រីមានស្នេហា ទើបគាត់ដំឡើងកាមេរ៉ាដើម្បីតាមដាន។ ដល់ពេលគាត់ផ្លាស់បន្ទប់ជួល គាត់ខ្ជិលពេក ហើយមិនបានគិតពីផលវិបាកនោះទេ ដូច្នេះគាត់មិនបានដោះកាមេរ៉ាចេញទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Vuong ត្រូវបានប៉ូលិសឃុំខ្លួននៅរដ្ឋបាលរយៈពេល ១០ ថ្ងៃ ពីបទរំលោភសិទ្ធិឯកជនរបស់អ្នកដទៃ ខណៈប្តីប្រពន្ធទាំងពីរ ក៏បានផ្លាស់ទៅកន្លែងផ្សេង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង