ស្ត្រីជនជាតិចិនម្នាក់ មានទំនាក់ទំនងស្នេហាជាមួយប្អូនថ្លៃ ខណៈរៀបការស្របច្បាប់ជាមួយប្តី។ ប៉ុន្តែ ពេលត្រូវប្តីប្ដឹង នាងក៏តបតវិញថា ព្រោះប្តីមិនខ្វល់ពីនាង ទើបនាងមានទំនាក់ទំនងជាមួយអ្នកថ្មី និងថែមទាំងទាមទារសំណងទៀតផង។
យោងតាមសារព័ត៌មាន Sohu News បានឲ្យដឹងថា អ្នកស្រី Li និងលោក Lai រស់នៅក្នុងសង្កាត់ Shicheng ទីក្រុង Ganzhou ខេត្ត Jiangxi ប្រទេសចិន អ្នកទាំងពីរបានរៀបការជាមួយគ្នាតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ដោយប្តីប្រពន្ធនេះមានកូនពីរនាក់ (កូនប្រុស ១នាក់ និងកូនស្រី១នាក់)។ បន្ទាប់រៀបការ នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានភាពរកាំរកូសនោះទេ និងមានសុភមង្គលផងដែរ។
ចាប់តាំងពីឆ្នាំ ២០១១ ដោយសារបញ្ហាសេដ្ឋកិច្ច អ្នកស្រី Li បានសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុង ដើម្បីធ្វើការ ខណៈដែលលោក Lai បន្តស្នាក់នៅផ្ទះឯជនបទ។ ចាប់តាំងពីពេលនោះមក គូស្នេហ៍ទាំងពីរ មានការស្និទ្ធស្នាលនឹងគ្នាតិចណាស់ ពោលគឺកាន់តែឃ្លាតគ្នា ឆ្ងាយទាំងកន្លែងធ្លាប់រួមសុខរួមទុក្ខ ឆ្ងាយទាំងផ្លូវអារម្មណ៍ ព្រោះថា នាង Li បានផ្លាស់ប្តូរចិត្ត លែងស្រលាញ់ប្តីទៀតហើយ ដោយបានបង្កើតទំនាក់ទំនងខុសច្បាប់ជាមួយបុរសផ្សេង។
ឆ្លៀតពេលរស់នៅឆ្ងាយពីប្តី នាង Li បានរស់នៅជាមួយគូស្នេហ៍ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺគូស្នេហ៍របស់នាង Li គឺជាប្អូនថ្លៃ ដែលជាប្តីរបស់ប្អូនស្រីបង្កើតរបស់នាងតែម្តង។ អ្នកទាំងពីរបានរស់នៅជាមួយគ្នាដោយខុសច្បាប់ អស់រយៈពេលជាច្រើនខែមកហើយ ខណៈធ្វើការនៅឆ្ងាយពីផ្ទះ ទោះបីជាមានគ្រួសារ និងទំនាក់ទំនងអសីលធម៌ក៏ដោយ។
មិនយូរប៉ុន្មាន លោក Lai ក៏បានរកឃើញរឿងអាក្រក់ដែលប្រពន្ធរបស់ខ្លួនបានផិតក្បត់។ ថ្វីត្បិតតែក្រៀមក្រំ និងខឹងសម្បារជាខ្លាំងក៏ពិតមែន ប៉ុន្តែគិតដល់ជីវិតគ្រួសារ ជាពិសេសកូនៗ លោក Li ក៏សម្រេចចិត្តលើកលែងទោសដល់ប្រពន្ធ ដោយចង់ផ្សះផ្សាជាប្តីប្រពន្ធនឹងគ្នាធម្មតាវិញ ប៉ុន្តែមិនបានសម្រេច ដោយសារនាង Li មិនសហការ។
នៅខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីការបែកគ្នាអស់រយៈពេល ៤ ឆ្នាំ នាង Li បានសម្រេចចិត្តដាក់ពាក្យលែងលះជាមួយលោក Lai ក្រោមហេតុផលថា ទំនាក់ទំនងបានបែកបាក់ទាំងស្រុងហើយ។ ដោយខឹងសម្បារនឹងទង្វើ និងអាកប្បកិរិយារបស់ប្រពន្ធ ទីបំផុត លោក Lai បានតាំងចិត្តយល់ព្រមលែងលះ ប៉ុន្តែ គាត់បានសុំឱ្យនាង Li សងសំណងដល់គាត់សម្រាប់ការខាតបង់ផ្លូវចិត្តរបស់គាត់ចំនួន 160,000 យន់ (ស្មើជាង ២ ម៉ឺនដុល្លារ)។
ដោយមានភ័ស្តុតាងមិនអាចប្រកែកបាន នាង Li បានសារភាពថានាងពិតបានផិតក្បត់ក្នុងអាពាហ៍ពិពាហ៍របស់នាងមែន។ ទោះជាយ៉ាងនេះក្តី នាងមិនបានទទួលខុសត្រូវទាំងស្រុងនោះទេ និងបានស្តីបន្ទោសប្តី ដោយចោទថា លោក Lai មិនទទួលខុសត្រូវចំពោះគ្រួសារ មិនយកចិត្តទុកដាក់ និងស្រលាញ់ប្រពន្ធកូន ទើបបានជានាងស្វែងរកអ្នកថ្មីទៅ។ បន្ទាប់មក នាង Li ក៏បានទាមទារឱ្យលោក Lai សងជំងឺចិត្តដល់ខ្លួនចំនួន 100,000 យន់ (ជិត ១៥០០០ ដុល្លារ) ទៀតផង។
ទោះជាយ៉ាងណា បន្ទាប់ពីពិនិត្យលើសំណុំរឿងទាំងមូល ចៅក្រមតុលាការស្រុក មិនបានផ្តល់ការស្នើសុំរបស់នាង Li ទេ។ ចៅក្រមបាននិយាយថា ភាពស្មោះត្រង់រវាងប្តីប្រពន្ធ គឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍ឱ្យមានសុភមង្គលល្អ ។ ព្រោះថា ក្នុងអំឡុងនៃចំណងជីវិតអាពាហ៍ពិពាហ៍ នាង Li បានមានទំនាក់ទំនងស្នេហា និងរស់នៅខុសច្បាប់ជាមួយប្អូនថ្លៃ រំលោភយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សង្គម និងទំនៀមទម្លាប់ដ៏ល្អ បំផ្លាញភាពសុខដុមក្នុងគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តលោក Lai យ៉ាងខ្លាំង។ .
យោងតាមមាត្រា 1091 នៃក្រមរដ្ឋប្បវេណីចិន ចៅក្រមនៃតុលាការស្រុក Shicheng បានសម្រេចយល់ព្រមលើការលែងលះរបស់អ្នកស្រី Li និងលោក Lai ។ ដូច្នេះ អ្នកស្រី Li ត្រូវតែទទួលខុសត្រូវលើការសងជំងឺចិត្តដល់លោក Lai សម្រាប់ការធ្វើឲ្យប៉ះពាល់ផ្លូវចិត្តចំនួន 50,000 យន់ (ស្មើនឹង ៧ ពាន់ដុល្លារអាមេរិក)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង