ដូចដែលបានដឹងហើយថា រាល់ការស្កេន QR code គឺអ្នកបាញ់លុយ នឹងឃើញឈ្មោះអ្នកទទួល ហើយក៏សួរបញ្ជាក់ផងដែរថា តើវាត្រឹមត្រូវឬអត់ បើត្រឹមត្រូវហើយ ទើបយើងសម្រេចធ្វើការបាញ់។ តែយ៉ាងណាមិញ សម្រាប់ករណីនេះ វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងតែម្តង ដែលមានលោកចោរ យកស្ទីកឃ័រគណនី QR code របស់ខ្លួន មកបន្លំបិទពីលើ QR code របស់អ្នកទទួលបែបនេះ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Moth Phalla បានចែករំលែកវីដេអូមួយ ដោយបុរសម្នាក់ គាត់បានប្រាប់ឲ្យដឹងថា មានចោរយកស្ទីកឃ័រ QR code របស់ខ្លួន មកបន្លំបិទពីលើគណនី QR code ម៉ូយរបស់គាត់ដ៏មិននឹកស្មានដល់ ដែលប្រសិនបើយើងបាញ់រួច នោះលុយនឹងចូលទៅក្នុងគណនីរបស់ចោរហើយ។
ទាក់ទងករណីនេះ គឺវាអាចទៅរួច ប្រសិនបើទាំងអ្នកបាញ់ និងអ្នកទទួល មានការធ្វេសប្រហែស។ តែជឿថា បងប្អូនអ្នកប្រើប្រាស់ការផ្ទេរលុយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប QR code នឹងមានភាពប្រាកដប្រជាណាស់ ពោលគឺខ្លាចបំផុតបាញ់ចូលទៅអ្នកផ្សេង។
ទោះជាយ៉ាងណា នេះជាចែករំលែកមួយ ដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ដែលចាំបាច់បំផុតស្កេនរួច ត្រូវមើលឈ្មោះ មុន ok បើឈ្មោះខុស គឺយើងត្រូវសួរម្ចាស់គណនីទទួល អោយជួយផ្ទៀងផ្ទាត់គ្នា! ជាពិសេស មុនបាញ់លុយចំនួនច្រើន គឺយើងត្រូវតែពិនិត្យឈ្មោះអ្នកទទួលឲ្យច្បាស់លាស់ មិនមែនចេះតែបាញ់ៗនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង