នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមអាជីវករលក់ដូរនៅផ្សារបាងឆាឡុង ពិតជាមានការសង្ស័យជាខ្លាំង ចំពោះព្រះសង្ឃ៣អង្គ (ចាស់១អង្គ ក្មេង២អង្គ) បានកំពុងដើរបិណ្ឌបាត ទាំងម៉ោងជាង ១០ ទៅហើយ នៅតែមិនឈប់។ នៅពេលនោះ គេក៏បានសួរនាំព្រះសង្ឃទាំងនោះ ដែលបានប្រាប់ថា គង់នៅវត្តស្ថិតនៅឃុំឡាតយ៉ា ស្រុកឡៅក្វាន់ ខេត្តកានចាន់បូរី។
បន្ទាប់ពីតាមឃ្លាំមើល គេក៏បានឃើញមានអ្នកបើកបររថយន្តដឹកជញ្ជូន បានកំពុងចតនៅក្រោមស្ពានអាកាស ហើយក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ។ អ្វីដែលភ្ញាក់ផ្អើលនោះ គឺនៅពេលសមត្ថកិច្ចមកដល់ ស្រាប់តែអ្នកបើកបរប្រញាប់ប្រញាល់យករបស់អ្វីមួយដាក់ក្នុងហោប៉ៅខោយ៉ាងលឿន។ ទោះជាយ៉ាងណា ភ្លាមៗនោះ សមត្ថកិច្ចបានឆែកឆេររកឃើញមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣ គ្រាប់ ក្នុងថង់ប្លាស្ទិកថ្លា។
អ្នកបើកបរ បានប្រាប់ថា រូបគេបានដឹកព្រះសង្ឃមកពីខេត្ត Kanchanaburi នៅវេលាម៉ោង 3:00 ទៀបភ្លឺ ហើយបាននិមន្តចេញទៅបិណ្ឌបាត្រតាមខេត្តផ្សេងៗនៅថ្ងៃនោះ ឆ្ពោះទៅខេត្ត Samut Prakan។
ការសាកសួរបឋម ព្រះសង្ឃ៣អង្គ ក៏បានសារភាពផងដែរថា ពួកគេពិតជាបានប្រើប្រាស់មេតំហ្វេតាមីនមែន។ បន្ទាប់មក សមត្ថកិច្ចក៏បាននាំខ្លួនទាំងអ្នកបើកបរ និងព្រះសង្ឃទាំង៣ ទៅកាន់ព្រះចៅអធិការវត្តបាងឆាឡុងក្រៅ ដើម្បីពិនិត្យ និងនាំខ្លួនមកពិនិត្យទឹកនោមរកសារធាតុញៀន ទើបដឹងថាក្នុងខ្លួនពួកគេមានថ្នាំញៀនពិតប្រាកដមែន។
បុរសជាកូនសិស្សនោះក៏បានប្រាប់ឲ្យដឹងថា ខ្លួនទទួលបានប្រាក់កម្រៃពី ៣០០ បាត ទៅ ៤០០ បាត ក្នុងមួយថ្ងៃ ពីព្រះសង្ឃទាំង៣ ដែលអាចរកចំណូលពីការបិណ្ឌបាតចាប់ពី ៤.០០០ ទៅ ៥.០០០ បាត ហើយបានយកលុយមួយចំនួន ទៅទិញថ្នាំមេតំហ្វេតាមីនប្រើប្រាស់។
ទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកទាំងបី ដោយចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ១ មេតំហ្វេតាមីន (យ៉ាបា) និងផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង