កាលពីពេលថ្មីៗនេះ រូបភាពនៃស៊េរីរថយន្តទំនើបថ្លៃៗ បានបង្ហាញខ្លួនក្នុងពិធីមង្គលការមួយនៅទីក្រុងហាណូយ ជាពិសេសក្បួនដង្ហែរកូនក្រមុំ លេចចេញតាមដងផ្លូវ ធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
នេះបើតាមគេហទំព័រ SAOstar នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ បានចុះផ្សាយឲ្យដឹងថា រូបភាពបង្ហាញក្បួនរថយន្តទំនើបៗ ដង្ហែកូនក្រមុំដ៏មានសំណាង ទៅកន្លែងពិធីរៀបមង្គលការ បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើរណែតវៀតណាម។
អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាក្បួនរថយន្តទាំងនោះ សុទ្ធតែជារថយន្តប្រណីតៗចំនួន ៤០ គ្រឿង ដែលមានតម្លៃសរុបជាង ២០០ ពាន់លានដុង (ស្មើនឹងជាង ៨លាន៥សែនដុល្លារអាមេរិក)។ ជាក់ស្តែង ក្បួនដង្ហែត្រូវបានធ្វើឡើងដឹកនាំមុខ ដោយរថយន្ត Rolls Royce ដែលលម្អដោយផ្កា ខណៈបន្តបន្ទាប់ទៀតមានដូចជា Ferraris Lamborghinis និង Bentleys ដែលឡាននីមួយៗមិនងាយរកទិញបាននោះទេ។
បន្ទាប់រូបភាពនេះបានលេចឡើង ក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈក្នុងពិភពអនឡាញ មនុស្សជាច្រើនចង់ដឹងថាថា តើនរណាជាម្ចាស់ពិធីមង្គលការដ៏អស្ចារ្យនេះ ក្រោយមក គេក៏បានលាតត្រដាងថា ពិធីមង្គលការនេះ តាមពិតទៅគឺកូនកំលោះមានឈ្មោះ Wu Son Tung ដែលជាកូនប្រុសស្នងមរតករបស់មហាសេដ្ឋី Wu Manh Hai ស្ថាបនិកម៉ាកគ្រឿងអលង្ការមាសពិភពលោក Bao Tin Manh Hai ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង