កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានចែករំលែកវីដេអូឃ្លីប បង្ហាញរបស់បុរសជនជាតិតៃវ៉ាន់ម្នាក់ ស្លៀកតែខោខ្លី ត្រូវបានប៉ូលិសវាយឡើងទ្រោម និងដាក់ខ្នោះ បន្ទាប់ដើរអុកឡុក និងវាយបំផ្លាញពេញក្នុងហាងមួយកន្លែង នៅក្នុងទីក្រុង Zhongli ដោយខឹងអ្នកលក់អត់មានរបស់លក់ឲ្យ ដែលរូបគេចង់បាន។
យោងតាមសារព័ត៌មានតៃវ៉ាន់ បុរសរូបនោះ ដំបូងបានចូលទៅក្នុងហាងលក់ម្ហូបឆ្អិនស្រាប់ រកមើលអាហារសម្រន់មាន់បំពងរសជាតិអ៊ីតាលី ប៉ុន្តែ អ្នកលក់បានប្រាប់ថាលក់អស់ហើយ។ ទោះបីជាមានរសជាតិផ្សេងទៀតក៏ដោយ ក៏បុរសនោះមិនសុខចិត្ត ហើយក៏បានឈ្លោះប្រកែកជាមួយអ្នកលក់ រហូតដល់ថ្នាក់ទាញបោកប្រាស់របរតែម្តង នៃហាងផ្ទះលេខ7-11 នៅលើផ្លូវ Changsha។
ទោះជាយ៉ាងណា ភ្លាមៗនោះ អ្នកលក់បានទូរស័ព្ទសុំជំនួយអន្តរាគមន៍ពីប៉ូលិស។ ពេលប៉ូលិស២នាក់មកដល់កន្លែងកើតហេតុ ស្រាប់តែបានធ្វើឱ្យបុរសនោះខឹងជាខ្លាំង ហើយក៏ស្ទុះវាយដំទៅលើពួកគេយ៉ាងសាហាវ។
អតិថិជនដែលខឹងសម្បាររូបនេះ ក្រោយមក ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអ្នកហាត់កាយវប្បកម្មក្នុងស្រុក ហើយវីដេអូរយៈពេល ១៣ វិនាទី នៃការប្រឈមមុខដាក់គ្នាដ៏ញាក់សាច់រវាងបុរសរូបនេះ និងប៉ូលីសទាំងពីរ បានរីករាលដាលនៅលើបណ្តាញសង្គម។ រីឯរូបភាពរបស់អតិថិជនរូបនេះ ដែលត្រូវបានដាក់ខ្នោះដៃ និងអង្គុយពីច្រកទ្វាហាង ជាមួយនឹងឈាមហូរស្រោចមុខ ក៏បានលេចចេញតាមអ៊ីនធឺណិតផងដែរ។
ក្រោយឃើញរូបនេះហាក់ឃោរឃៅពេក អ្នកនិយមលេងអ៊ីនធឺណិត បានចោទជាសំណួរអំពីរបៀបដែលមន្ត្រីប៉ូលិសពីរនាក់ បានគ្រប់គ្រងបុគ្គលដែលមានសាច់ដុំមិនអាចគ្រប់គ្រងបានរូបនេះ។ ក្រោយមក មានវីដេអូមួយទៀត បានលេចចេញនៅលើអ៊ីនធឺណិត ដែលបង្ហាញប៉ូលិសបានវាយក្បាល និងដងខ្លួនជាច្រើនដង ដោយប្រើដំបងរបស់ប៉ូលីស ខណៈពេលដែលបុរសនោះត្រូវបានបង្ក្រាបរួចហើយ ដែលនាំឱ្យមានការចោទប្រកាន់ថា ប្រើកម្លាំងហួសហេតុ។
ក្រោយមក សមត្ថកិច្ចប៉ូលិស ក៏បានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ ដោយបានពន្យល់ថា «មន្រ្តីប៉ូលីសរបស់យើងធ្វើការយ៉ាងលំបាកនៅថ្នាក់មូលដ្ឋាន។ អ្វីដែលត្រូវគឺត្រូវ ហើយអ្វីដែលខុសគឺខុស។ ប្រសិនបើអ្នកធ្វើអ្វីមួយបានល្អ អ្នកគួរតែលើកទឹកចិត្ត។ ស្នងការប៉ូលីស Taoyuan លោក Wu Kun-hsu (吳坤旭) បាននិយាយថា ប្រសិនបើអ្នកធ្វើអ្វីមួយមិនបានល្អទេ វាត្រូវតែពិនិត្យឡើងវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង