ថ្មីៗនេះ អ្នកជំនួញម្នាក់ មកពីភាគខាងត្បូងប្រទេសថៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានអះអាងថា អាថ៍កំបាំងនៃសុខភាពរបស់គាត់ គឺការផឹកឈាមក្រពើលាយជាមួយស្រា២ដង ក្នុង១ថ្ងៃ។
លោក Rojakorn Nanon អាយុ ៥២ ឆ្នាំមកពីខេត្ត Trang របស់ប្រទេសថៃ បានចាប់ផ្តើមថ្ងៃដំបូងរបស់គាត់ ជាមួយនឹងកែវឈាមក្រពើ លាយជាមួយនឹងស្រាថៃហៅថា «ឡាវខាវ (Lao Khao)» ដោយផឹកវាទាំងនៅពេលព្រឹក និងមុនចូលគេងពេលយប់។ អ្នកជំនួញរូបនេះបានអះអាងថា គាត់ធ្លាប់មានកាយសម្បទាទន់ខ្សោយ និងអស់កម្លាំងគ្រប់ពេល ប៉ុន្តែចាប់តាំងពីគាត់ចាប់ផ្តើមផឹកឈាមក្រពើមក អ្វីៗក៏ប្រែជាល្អឡើងវិញ ដោយគាត់ហ៊ានស្បថនឹងវត្ថុផ្សេងៗ។ គាត់ជឿថា ឈាមក្រពើពិតជាអស្ចារ្យសម្រាប់សរីរាង្គជាច្រើន សម្រាប់ឈាម និងប្រព័ន្ធសរសៃប្រសាទ។
លោក Nanon បានចាប់ផ្តើមផឹកឈាមក្រពើលាយស្រា Lao Khao កាលពី២ខែមុន បន្ទាប់ពីបានរកឃើញស្រាក្រឡុកឈាមក្រពើនេះលក់ដោយលោក Wanchai Chaikerd អាយុ ៥៣ ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅស្រុក Ban Pho ។ លោក Wnachai បានអះអាងថា ក្រពើមានឈាមតិចតួចណាស់ មួយឬពីរកែវ ប៉ុណ្ណោះ ដូច្នេះគាត់លាយវាជាមួយ Lao Khao។ គាត់គិតថ្លៃពី ២០០ ទៅ ៣០០ បាត (៦ ទៅ ៩ ដុល្លារ) ក្នុងមួយកែវ។
លោក Wanchai ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំបំផុតក្នុងខេត្ត Trang បានអះអាងថា ការលាយឱសថរបស់គាត់នេះ គឺអាចជួយដល់ចលនាឈាមរត់ ពង្រឹងកោសិកាឈាមក្រហម បង្កើនចំនួនប្លាកែត កោសិកាឈាមស ចិញ្ចឹមកោសិកាពង និងមេជីវិតឈ្មោល។ ជាក់ស្តែង ឈាមក្រពើអាចព្យាបាលភាពគ្មានកូនបាន។
ក្រពើដែលមានអាយុពី ៣ ទៅ ៤ ឆ្នាំ ជាធម្មតាត្រូវបាន «បូជា» ដើម្បីធ្វើស្រាក្រឡុកដ៏ចម្រូងចម្រាស ពីព្រោះជាពេលដែលវាខ្លាំងបំផុត ដូច្នេះឈាមរបស់ពួកវាមានឥទ្ធិពលខ្លាំងណាស់។ គាត់អាចចម្រាញ់ឈាមបានប្រហែល 100cc ពីសត្វក្រពើមួយក្បាល ដែលវាគ្រប់គ្រាន់សម្រាប់តែពីរកែវប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង