ក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយពីស្ថានភាពអាកាសធាតុ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ៖ ខ្យល់មូសុងនិរតីបាននិងកំពុងបន្តបង្កើនឥទ្ធិពលមកលើតំបន់ឆ្នេរសមុទ្រក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប្រព័ន្ធសម្ពាធទាប បាននិងកំពុងអូសបន្លាយកាត់លើអាងទន្លេមេគង្គ ក្នុងប្រទេសឡាវ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាព ៖ បណ្តាខេត្តជាប់ឆ្នេរសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕