Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់បណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ ត្រូវទប់ស្កាត់ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់ នៅតាមខេត្តរបស់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តដាក់បទបញ្ជាដល់បណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ ត្រូវទប់ស្កាត់ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់ បានបង្កើតក្រុមមនុស្សទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។

សម្ដេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹងថា នរណានៅពីក្រោយក្នុងការដឹកនាំពលរដ្ឋទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។ សម្ដេចណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឱ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ប៉ុន្តែអាណត្តិនេះមិនត្រូវថ្នាក់ថ្នមដើម្បការពារសន្លឹកឆ្នោតនោះឡើយ ពោលគឺត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។ ឱ្យតែដល់រដូវបោះឆ្នោតមកដល់​ គឺតែងតែមានការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយ មានអំណាច។

សម្ដេចតេជោថ្លែងថា ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់ យប់មិញចៅហ្វាយខេត្តបានបញ្ជូនរឿងនេះមកខ្ញុំ។ មានខេត្តមួយចំនួនទៀតក៏បានបញ្ជូនព័ត៌មានមកថា មានក្រុមខ្លះកាប់ព្រៃយកដី ហើយបើកាលណាយើងធ្វើសកម្មភាពចុះបង្ក្រាប គឺគេថតយកទៅបំផ្លាញយើងក្នុងពេលឃោសនាបោះឆ្នោត។ អ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន ក៏ចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះដែរ ដោយពួកគេជួលមនុស្សឱ្យទៅកាប់ព្រៃយកដី រួចហើយយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរាជរដ្ឋាភិបាលធ្វើសម្បទានដីឱ្យប្រជាជន បែរជាដីធ្លីទាំងនោះក្លាយជាកម្មសិទ្ធិរបស់ពួកអ្នកមានលុយទៅវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់អភិបាលខេត្ត និងកម្លាំងសមត្ថកិច្ចត្រូវសហការ ទប់ស្កាត់បទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព កុំឱ្យបញ្ហាបទល្មើសកើតមានដដែលជាដដែល។

សម្ដេចតេជោក៏បញ្ជាក់ទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសអាជ្ញាធរដែនដីគ្រប់ខេត្តត្រូវអនុវត្តធ្វើកិច្ចការងារនេះឱ្យបានម៉ឺងម់ាត់ ប្រសិនបើត្រូវរុះរើ គឺត្រូវរើពីមុនបោះឆ្នោតឱ្យហើយ។ តែទោះយ៉ាងណា មិនត្រូវប្រើប្រាស់អាវុធដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយ គឺគ្រាន់តែទប់ស្កាត់ ហាមឃាត់ ឬអនុវត្តតាមច្បាប់។

សម្ដេចតេជោ ហ៊ុន​​ សែន ក៏បានដាក់កំហិតឱ្យអ្នកពាក់ព័ន្ធនឹងបទល្មើសទាំងនេះត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ អ្នកណាក៏ដោយ ទោះបីក្រ ឬមាន ឱ្យតែប៉ះពាល់ដីរបស់រដ្ឋ ឬព្រៃរបស់រដ្ឋ គឺត្រូវអនុវត្តទោសតាមច្បាប់។ មន្ត្រីរាជការនានា ឬមន្ត្រីយោធា ឬមន្ត្រីនគរបាល សូមកុំមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះឱ្យសោះ ព្រោះច្បាប់មិនមានការយោគយល់នោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា មិនត្រូវថ្នាក់ថ្នមក្រុមជនខិលខូចដើម្បីការពារសន្លឹកឆ្នោតនោះឡើយ ប៉ុន្តែត្រូវការពារធនធានធម្មជាតិ ការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ដើម្បីការពារសណ្ដាប់ធ្នាប់ ការពារទាំងធនធានធម្មជាតិ ព្រៃឈើ ហើយក៏បានទទួចឱ្យក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកប្រជាធិបតេយ្យ សូមមើលព្រៃទាំងមូលជាសំខាន់ កុំមើលតែឈើមួយដើមៗ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×