ភ្នំពេញ ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
គួររម្លឹកដែរថា៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ ហើយពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ។ ការណ៍ដែលប្រារឰពិធីបូជានាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលដល់ហេតុការណ៍អស្ចារ្យ ៣យ៉ាងទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ រួមមាន៖
១- ថ្ងៃប្រសូត (ថ្ងៃសុក្រ តិថី១៥កើត ខែពិសាខ ឆ្នាំច)
២- ថ្ងៃត្រាស់ដឹង (ថ្ងៃពុធ តិថី១៥កើត ខែពិសាខ ឆ្នាំរកា)
៣- ថ្ងៃចូលបរិនិញ្វាន (ថ្ងៃអង្គារ តិថី១៥កើត ខែពិសាខ ឆ្នាំម្សាញ់)។
ពិធីបុណ្យវិសាខបូជា ត្រូវបានប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ថាជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩៕រក្សាសិទ្ធដោយ៖សុទ្ធលី
