បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ រួមមក នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋជ្រាបថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាបបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឲ្យភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើង ។
ក្នុងអំឡុងពេល ២-៣ ថ្ងៃខាងមុខនេះ ទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជា នឹងហក់ឡើង ហើយចាប់ផ្តើមហូរចូលតាមព្រែក និងទំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ ។
ដូច្នេះសូមប្រជាពលដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម និងដែលកំពុងប្រកបរបរកសិកម្មនៅអមសងខាងផ្លូវទឹក និងតំបន់ទំនាបនានា មេត្តារួសរាន់ប្រមូលផលឲ្យទាន់ពេលវេលា ៕