មកដល់ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងវិញ បន្ទាប់ពីបានស្រកចុះបន្តិចនៅវេលាយប់មិញ ។ គិតត្រឹមម៉ោង ៨ ព្រឹកនេះ ទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ ម៉ែត្រ ក្នុងកម្ពស់ប្រមាណ ១,៤០-១,៥០ ម៉ែត្រ ។ ការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្ន ។
ស្ថានភាពទឹកជំនន់ព្រែកកំពង់បាយ ខេត្តកំពត ៖ បន្ទាប់ពីបានបន្តជន់ឡើងខ្លាំង នៅវេលាយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយបានលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ និងមួយផ្នែកតូចនៃក្រុងកំពត មកដល់ព្រឹកថ្ងៃទី ១៨ នេះ ទឹកបានចាប់ស្រកចុះវិញបន្តិចហើយ ។ គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកនេះ ទឹកជំនន់ព្រែកកំពង់បាយ បានស្រកចុះ ០,២៨ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកដែលបានកើនឡើងអតិបរមានៅវេលាយប់មិញ ។
ព្រែកអណ្តូងទឹក ក៏ជាបណ្តាព្រែកមួយចំនួនទៀតដែរក្នុងខេត្តកោះកុង ត្រូវបានទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ ចាក់ចូលបណ្តាលឲ្យមានការហក់ឡើងខ្លាំង នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ មកដល់វេលាល្ងាចនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួននៅក្នុងឃុំជីផាត ស្រុកថ្មបាំង ។
បរិមាណទឹកដែលហូរបុកធ្លាក់ពីតំបន់ខាងលើ (ទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឺងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត) បានធ្វើឱ្យទឹកព្រែកកំពង់បាយ ក្នុងខេត្តកំពត ហក់ឡើងយ៉ាងឆាប់រហ័ស ។ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួនក្នុងឃុំម៉ាក់ប្រាំង និងឃុំកំពង់ក្រែង ស្រុកទឹកឈូ ហើយ ។
ទិដ្ឋភាពទឹកហូរចាក់តាមសំណង់បង្ហៀរនៃប្រព័ន្ធធារាសាស្ត្រពាមពូល ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោតដែលនៅផ្នែកខាងក្រោម ។ ការហូរចាក់ទៅកាន់ផ្នែកខាងក្រោមនេះ បានធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួន តែមិនបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។
ទឹកព្រែកត្រពាំងរូង កំពុងមានការហក់ឡើងខ្លាំង បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខ្លួន នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការជន់ឡើងនេះ គឺបានលិចចូលដល់ភូមិឋានប្រជាពលរដ្ឋនៅតាមមាត់ព្រែក ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងរូង ស្រុកកោះកុង ។
ភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំជាមួយបរិមាណទឹកយ៉ាងច្រើនដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ភ្នំ បានបង្កឱ្យមានទឹកជំនន់លិចលង់ភូមិឋានប្រជាពលរដ្ឋ នៅចំណុច ៣០៣ (ព្រំដែនកម្ពុជា-ថៃ) ស្ថិតក្នុងឃុំប៉ាកខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ដោយ ៖ កូឡាប
ការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ ៖