ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញដល់គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាបន្ថែម និងត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់នូវទោចក្រយានយន្តចំនួន ១.៦៤៦គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសជាលើកទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមយើងជានគរបាលបម្រើប្រជាពលរដ្ឋត្រូវខិតខំបន្ថែមទៀត ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ពួកគាត់ កុំគិតថា ពួកគាត់មកពីគណបក្សណា ឬកាន់សាសនាណានោះឡើយ ហើយជាងនេះទៅទៀតត្រូវបំបាត់ឱ្យអស់នូវភាពខ្វះខាត់ទាំងឡាយ ដែលបានធ្វើឱ្យពួកគាត់ មានការថ្នាំងថ្នាក់នាពេលកន្លងមកនោះ។ ប៉ុស្តិ៍នគរបាល គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវតែថែរក្សាការពារនូវសន្តិសុខ ជូនគាត់ឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
សម្តេចក្រឡាហោម បានមានប្រសាសន៍អំពាវនាវដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវជួយថែរក្សានូវទោចក្រយានយន្តដែលថ្នាក់លើប្រគល់ជូននេះ កុំយកទៅធ្វើអ្វីឱ្យខុសពីវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រើប្រាស់ក្នុងក្របខ័ណ្ឌបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបញ្ជៀសការរិះគន់ដោយប្រការណាមួយជាដើម។បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំនគរបាលនៅតាមមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្ដបន្ទាប់។
សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញដល់នាយប៉ុស្តិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការការពារនូវសណ្តាប់ធ្នាប់ឱ្យបានល្អជូនដល់បណ្តាគណបក្សនយោបាយនានា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តឡើងនាពេលនេះ។
សម្ដេចប្រមុខក្រសួងមហាផ្ទៃ បានថ្លែងថា ប៉ុស្ដិ៍នគរបាលយើងមានភារកិច្ចការងារប្រជាពលរដ្ឋទាំងអស់ មិនមែនការងារតែក្រុមណាមួយនោះ គឺការពារប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ហើយក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ គឺយើងទទួលបានអាណត្តិពីប្រជាពលរដ្ឋ គឺយើងមានភារកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង ដើម្បីធានាសន្ដិសុខ អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពួកគាត់។
បើតាមសម្ដេចក្រឡាហោម ស ខេង បញ្ហាសំខាន់នៅត្រង់ថា ប្រសិនបើអ្នកដឹកនាំនៅតាមមូលដ្ឋានទាំងឡាយ មិនមានទស្សនៈឲ្យបានត្រឹមត្រូវ ហើយប្រកាន់នូវទស្សនៈបែងចែក លាបពណ៌ រើសអើងសាសនា ពូជសាសន៍ជាដើមនៅមូលដ្ឋាន ទោះបីថាថ្នាក់ដឹកនានោះ ពូកែយ៉ាងមិចក៏ដោយក៏ធ្វើការងារមិនបានល្អនោះដែរ។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមជីវភាពនយោបាយជាមួយគណបក្សណា គឺជាសិទ្ធិរបស់ពួកគាត់ តែអ្វីដែលសំខាន់ក្នុងនាមជាសមត្ថកិច្ច អ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវតែគោរពសិទ្ធិសម្រេចប្រជាពលរដ្ឋ និងបម្រើសេវាឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន។ មួយវិញទៀត ប្រសិនអនុវត្តនយោបាយលាបពណ៌គ្នា ហើយនោះ ក្នុងមូលដ្ឋានមិនបានសុខនោះទេ។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ ស្លូតបូត មិនឆ្មើង មិនក្រអើតក្រទើម មិនកោងកាច ត្រូវមានសីលធម៌ សុជីវធម៌ល្អ ប៉ុន្ដែត្រូវម៉ឺងម៉ាត់ចំពោះការអនុវត្តច្បាប់ ដើម្បីរក្សាបាននូវគុណតម្លៃជាមន្ដ្រីនគរបាល ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី បានឲ្យដឹងថា ការប្រគល់ម៉ូតូនេះ គឺជាលើកទីបួនហើយ ដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាព ងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០០០០រៀល ក្នុងមួយត្រីមាស៕ ដោយ ៖ កូឡាប