កំពត-ព្រះសីហនុ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។ គិតត្រឹមម៉ោង ៦និង៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត ។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង ។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក បានឲ្យដឹងថា គិតត្រឹមម៉ោង ៤និង៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ ។ ដោយឡែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១៥០ ម៉ែត្រ ក្នុងកម្ពស់ ០,៥ ម៉ែត្រ ។ ភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថានភាពទឹកនៅកំពង់ស្ពឺធម្មតាទេ គ្រាន់តែទឹកបានហូរកាត់២ឃុំក្នុងស្រុកសំរោង តែពេលនេះគឺធម្មតាទេ អាចគ្រប់គ្រងបាន ៕ ដោយ ៖ បញ្ញាស័ក្តិ