ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) បានលើកឡើងអំពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសហភាពអឺរ៉ុបចង់ឃើញដំណើរការ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។
ជាការឆ្លើយតបនឹង ការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុប ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង បានអះអាងថា កម្ពុជាគ្មានហេតុផលណា ធ្វើការដឹកនាំប្រទេស ដោយមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យនោះឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងមហាផ្ទៃធ្វើនាពេលបច្ចុប្បន្ននេះ គឺស្របទៅតាមនីតិរដ្ឋ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ។
លោក Gunnar Wiegand មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា បន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសគឺបញ្ហាសន្តិសុខក្នុង តំបន់ និងពិភពលោក និងទប់ស្កាត់អំពើភេរវកម្មរួមទាំងបង្កើន ទំហំពាណិជ្ជកម្មជាមួយគ្នាជាដើម។
លោក Gunnar Wiegand បានលើកឡើងថា សហភាពអឺរ៉ុបនៅ បន្តជួយដល់កម្ពុជាជានិច្ច ខណៈកាលពីពេលកន្លងទៅសហ ភាពអឺរ៉ុបបានផ្តល់ជំនួយឥតសំណងប្រមាណជាងបួនរយលានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍លើវិស័យជាច្រើននៅកម្ពុជាដល់ឆ្នាំ២០១៨នោះ។ លោក Gunnar Wiegand បានបន្តថាកម្ពុជា គឺជាមិត្តដ៏ល្អជាមួយសហភាពអឺរ៉ុប ហើយពាណិជ្ជកម្មរបស់ កម្ពុជាប្រមាណ៤០ភាគរយបាននាំទៅសហភាពអឺរ៉ុបជារៀង រាល់ឆ្នាំ ដូច្នេះអ្វីដែលសហភាពអឺរ៉ុបចង់ពង្រឹងបន្ថែមទៀតជា មួយកម្ពុជានោះគឺលើផ្នែកសន្តិសុខក្នុងតំបន់ក៏ដូចជាពិកភពលោកព្រមទាំងរួមគ្នាកំចាត់នូវអំពើភេរវកម្មជាដើម ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានលើក ឡើងថា កម្ពុជាស្វាគមន៍ជានិច្ចរាល់ការគាំទ្ររបស់សហភាព អឺរ៉ុប ហើយកម្ពុជាអគុណជានិច្ចចំពោះសហភាពអឺរ៉ុបនៅបន្ត ជួយអភិវឌ្ឍន៍លើគ្រប់វិស័យដល់កម្ពុជារួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាក្នុងការទប់ស្កាត់អំពើភេរវកម្មនិងពង្រឹងសន្តិសុខក្នុងតំបន់ក៏ដូចជាពិភពលោកនោះ។ តែយ៉ាងណាក្តីទាក់ទងនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ គឺកម្ពុជាធ្វើឡើងស្របទៅតាមច្បាប់តែប៉ុណ្ណោះ និង ធ្វើឡើងដើម្បីរក្សាសន្តិភាព និងសន្តិសុខជូនដល់ប្រជាពលរដ្ឋ ខ្មែរតែប៉ុណ្ណោះ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជាដើរតាមលទ្ធិប្រជាធិបតេយ្យជានិច្ច ហើយគ្មាន ហេតុផលណាដែលកម្ពុជាអភិវឌ្ឍប្រទេសដោយពុំដើរតាមនូវលទ្ធិប្រជាធិបតេយ្យនោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ