Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សមាជិកសភា គប្បីបន្តគាំទ្រក្រុមការងារគណៈកម្មាធិការពិសេសផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជននិងការអភិវឌ្ឍន៍

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការឈ្វេងយល់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍(ICPD)នាថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍន៍ បានមានប្រសាសន៍ថា សិក្ខាសាលាសភានេះ ពន្លឿនការតាំងចិត្តផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍ និងជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្តថា សិក្ខាសាលាបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដែលជាផែនការសកម្មភាព មិនត្រឹមតែត្រូវបានសរបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ជាសកលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលបន្ស៉ីជាផែនសកម្មភាពជាតិ និងត្រូវអនុវត្តជាបន្ទាន់។ រយៈពេលកន្លងមក កម្ពុជា បានបង្ហាញច្បាស់ពីសកម្មភាព ដែលបាននិងកំពុងធ្វើ។
យើងបានពិនិត្យឡើងវិញពីការប្តេជ្ញាចិត្តប្រកបដោយសុច្ឆន្ទៈចំនួន ១២ចំណុច ក្នុងអំឡុងជំនួបកំពូលនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ កម្ពុជា បានឆ្លុះបញ្ចាំងពីការគាំទ្រចំពោះសេចក្តីថ្លែងការណ៍ នៃការប្តេជ្ញាចិត្តអូស្លូ។ សំខាន់ជាងនេះ កម្ពុជាបានទទួលស្គាល់ជាមួយនឹងការដាក់ឱ្យដំណើរការក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពកម្ពុជា(CSFAP-2024-2030)ដែលជាផែនទីបង្ហាញផ្លូវនិងការអនុវត្តសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្តេចបានបន្ថែមថា ក្របខ័ណ្ឌយុទ្ធសាស្រ្តនេះ មិនត្រឹមជាឧបករណ៍រៀបចំផែនការ ឬគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែនេះជាលើកទី១ នៅក្នុងតំបន់របស់យើង ដែលត្រូវបានទទួលស្គាល់ពេញលេញ គាំទ្រជាឱឡារិកនៅកម្រិតនយោបាយជាន់ខ្ពស់ ហើយត្រៀមជាស្រេចសម្រាប់អនុវត្ត។ ផែនការសកម្មភាព អាយ ស៊ី ភី ឌី បានប្រាប់យើងពីអ្វីដែលត្រូវធ្វើ ថាតើនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ និងរបៀបនៃការវាស់វែងពីភាពជោគជ័យ។ រាជរដ្ឋាភិបាលបានផ្តល់ការយល់ព្រមរួចហើយ។ នេះជាកាលានុវត្តភាពសម្រាប់សមាជិកសភា សំដៅធានាថា ក្របខ័ណ្ឌយុទ្ធសាស្រ្តនេះ ត្រូវបានអនុវត្តប្រកបដោយស័ក្ដិសិទ្ធិភាពនិងប្រសិទ្ធផល ដើរតួជាចលករគាំទ្រគោលនយោបាយ គាំទ្រមតិកៀរគរធនធានជាតិ និងដៃគូអភិវឌ្ឍ។ តាមរៈយវេទិកានេះ យើងបានពិភាក្សា បំពេញតួនាទីតាមដានត្រួតពិនិត្យ និងជំរុញអនុម័តថវិកា លើវិស័យអាទិភាពដូចជា សិទ្ធិ សុខភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនយើង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា « សមាជិកសភា គប្បីបន្តគាំទ្រក្រុមការងារគណៈកម្មាធិការពិសេសផែនការសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍន៍ អាយ ស៊ី ភី ឌី ដែលបានធ្វើនិងកំពុងធ្វើការយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័នទាំង២២ នៃរាជរដ្ឋាភិបាល។
សមិទ្ធផលដែលរាជរដ្ឋាភិបាលទទួលបានមកវិញ មិនត្រឹមជាអត្ថន័យប៉ុណ្ណោះទេ តែជាគណនេយ្យភាព គោលការណ៍គតិយុត្ត និងធនធានហិរញ្ញវត្ថុ។ យើងត្រូវតែប្រាកដថា ការវិនិយោគក្នុងក្របខ័ណ្ឌ អាយ ស៊ី ភី ឌី មិនត្រឹមតែផ្តល់ឱ្យយើងនូវរបៀបវារៈវិសេសប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់អាចឱ្យយើងត្រៀមលក្ខណសម្បត្តិជាមុនសម្រាប់មនុស្សវ័យចំណាស់ ផ្តល់ឱកាសដល់មនុស្សវ័យក្មេង កាត់បន្ថយអត្រាមរណៈមាតានិងទារក លើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយើង»។
នៅក្នុងមតិបូកសរុប ឯកឧត្តមបណ្ឌិត ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភានិងជាអគ្គលេខាធិការសមាគមសមាជិកសភាដើម្បី ប្រជារាស្ត្រ និងការអភិវឌ្ឍ(CAPPD) បានជម្រាបជូនសម្ដេចកិត្តិសង្គហបណ្ឌិត និងអង្គពិធីថា ពីធីបើកសិក្ខាសាលាថ្នាក់តំបន់នេះបានប្រព្រឹត្តទៅ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់ អញ្ជើញមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួងផែនការ និងបណ្តាក្រសួង-ស្ថាប័ន និងUNFPA ព្រមទាំង ដៃគូអភិវឌ្ឍមួយចំនួន។

ក្នុងនោះក៏មានសុន្ទរកថាស្វាគមន៍ដោយលោកជំទាវឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភានិងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ ហៅកាត់ថា AFPPD សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ចំណាប់អារម្មណ៍របស់លោកស្រី សានដ្រា បឺនក្លោវ តំណាងUNFPA ប្រចាំនៅកម្ពុជា។ បន្ទាប់ពីបើកសិក្ខាសាលាក៏មានកិច្ចពិភាក្សាវគ្គទី១ ស្តីពី ការស្វែងយល់ អំពី ICPD និងការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបានធ្វើបទបង្ហាញដោយ ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ នៃក្រសួងផែនការ។ កិច្ចពិភាក្សាវគ្គទី២ ស្តីពី ការស្វែងយល់អំពីបញ្ហាប្រឈមនៃបម្រែបម្រួល ប្រជាសាស្ត្ររបស់កម្ពុជា ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការពិសេសទទួលបន្ទុក ICPD-PoA បានធ្វើបទបង្ហាញអំពីឯកសារជំនួយស្មារតីគោលនយោបាយស្តីពី (១) និន្នាការលទ្ធភាពបង្កកំណើត និង (២)ស្តីពីប្រជាជនវ័យចាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×