ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន១គម្រោង (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត) ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣១៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ផលិតឧបករណ៍ហ្គេម, ផលិតសម្ភារៈពីប្លាស្ទិកនិងលោហធាតុ, សម្ភារៈសម្រាប់សម្អាតនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារៈជាង សម្ភារៈផ្ទះបាយនិងគ្រឿងបន្ទាប់បន្សំ (ពីលោហៈ), ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារៈលម្អក្នុងផ្ទះ គ្រឿងអគ្គិសនី និងគ្រឿងបន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងឧបករណ៍កម្ចាត់សត្វល្អិត (ពីប្លាស្ទិក), ខារ និងជ្រលក់ពណ៌អំបោះ, ផលិតសម្ភារៈសម្រាប់បន្ទប់ទឹកនិងផ្ទះបាយ (ធ្វើពីប្លាស្ទិក), ផលិតឧបករណ៍ចម្អិនអាហារនិងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។
គម្រោងវិនិយោគខាងលើ បានបោះទីតាំងនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ៕រក្សាសិទ្ធដោយ៖សុទ្ធលី




