ហេតុការណ៍ដ៏ហួសចិត្តមួយថ្មីៗនេះ នៅក្នុងរដ្ឋធានីម៉ាឌ្រីដ របស់អេស្ប៉ាញ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ខណៈមនុស្សជាច្រើនបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសម្នាក់ដែលបានធ្វើសកម្មភាព «មើលងាយ» ទៅលើអ្នករាយការណ៍ព័ត៌មានស្រីម្នាក់ នៅលើដងផ្លូវ។
ជាការពិតណាស់ អ្នកសារព័ត៌មាន គឺជាវិជ្ជាជីវៈដ៏គ្រោះថ្នាក់មួយ ដោយសារពួកគេប្រឈមនឹងហានិភ័យជាច្រើននៅពេលធ្វើការ ជាពិសេសសម្រាប់ស្ត្រី។ តួយ៉ាង ដូចករណីរបស់អ្នកសារព័ត៌មានស្រីនៅប្រទេសអេស្បាញ ដែលត្រូវបានយាយីក្នុងពេលកំពុងរៀបចំកម្មវិធីផ្សាយផ្ទាល់ គឺជាឧទាហរណ៍ជាក់ស្តែងមួយ។
យ៉ាងណាមិញ ក្រៅពីប្រតិកម្មមិនសប្បាយចិត្ត ពីសំណាក់មហាជនចំពោះបុរសដ៏ឈ្លើយនោះ មនុស្សជាច្រើនក៏បានសរសើរ ចំពោះប្រតិកម្មដ៏ប៉ិនប្រសប់ និងភាពឆ្លាតវៃរបស់អ្នកសារព័ត៌មានស្រីរូបនេះ ដែលនៅតែបង្ហាញពីការតាំងចិត្តដ៏អំណត់របស់នាង។
យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត The Sun and Mirror របស់អង់គ្លេស ឧប្បត្តិហេតុថ្មីបានកើតឡើងនៅក្នុងរដ្ឋធានីម៉ាឌ្រីដរបស់អេស្ប៉ាញកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។
នៅថ្ងៃនោះ អ្នករាយការណ៍ស្រីឈ្មោះថា Isa Balado បានកំពុងរាយការណ៍អំពីការលួចនៅផ្សារទំនើបមួយ នៅតាមផ្លូវក្នុងទីក្រុង Madrid សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Cuatro ។ ពិធីករ Nacho Abad កំពុងអង្គុយនៅស្ទូឌីយោដែលភ្ជាប់ជាមួយ Isa ហើយផ្តល់សញ្ញាឱ្យនាងចាប់ផ្តើមរាយការណ៍។
តែនៅពេលអ្នកយកព័ត៌មាន Isa ចាប់យកការងាររបស់នាង ស្រាប់តែមានបុរសម្នាក់ដើរចូលមកពីក្រោយ។ បើជាអ្នកដទៃភាគច្រើនពេលឃើញអ្នកកាសែតកំពុងថតរឿងហេតុ នោះគេតែងដើរកាត់យ៉ាងលឿនដើម្បីកុំឲ្យប៉ះពាល់ការងារ ប៉ុន្តែបុរសម្នាក់នេះបែរអន់ចរិតខ្លាំង ដោយបានយកដៃទៅប៉ះទំនងស្ទាបគូទរបស់នាងតែម្តង។
មិនត្រឹមតែប៉ះពាល់រាងកាយប៉ុណ្ណោះទេ បុរសនោះក៏បានរំខានការរាយការណ៍របស់ Isa ទៀតផង ដោយបានសួរថា តើទូរទស្សន៍ណាដែលនាងធ្វើការឱ្យ?។
Isa កត់សម្គាល់ការប៉ះនេះភ្លាមៗ ប៉ុន្តែនាងក៏បានបញ្ចេញប្រតិកម្មយ៉ាងប៉ិនប្រសប់ និងប្រកបដោយវិជ្ជាជីវៈ ជាមួយស្នាមញញឹម ផ្តល់សញ្ញាប្រាប់ទស្សនិកជនអំពីការរំខាន ប៉ុន្តែក៏មានការតឹងតែងខ្លាំងជាមួយបុរសនោះផងដែរ នៅពេលដែលហុចដៃចេញជាកាយវិការលាក់កំបាំង ដើម្បីបង្ហាញព្រំដែនដល់បុរសរូបនេះ។
ខណៈពេលឃើញហេតុការណ៍ ពិធីករ Nacho បានសួរតាមកញ្ចក់ទូរទស្សន៍ថា៖ “Isa សូមទោសដែលរំខានអ្នក ប៉ុន្តែគាត់គ្រាន់តែប៉ះអ្នកពីក្រោយមែនទេ?”។
បន្ទាប់ពី Isa បញ្ជាក់ពីបញ្ហានោះ ពិធីករ Nacho បានសុំឱ្យ “បុរសភ្លើ” រូបនោះ “លេចឡើងនៅលើអេក្រង់” ។
Isa ក៏បានប្រឈមមុខនឹងបុរសនោះ ហើយសួរថា ហេតុអ្វីបានជាបុរសនោះធ្វើដាក់នាងបែបនេះ? បុរសវ័យ២៥ឆ្នាំរូបនេះបានបដិសេធភ្លាមៗ ចំពោះការប៉ះពាល់នេះ ដោយគ្មានសូម្បីតែពាក្យសុំទោសគួរសម។ បុរសនេះថែមទាំងញញឹម ហើយបន្តអង្អែលសក់របស់នាង មុនពេលដើរចេញទៅ។
ដោយមានប្រតិកម្មរហ័ស អ្នកយកព័ត៌មាន Isa បានជៀសវាងការប៉ះជាលើកទីពីរ ហើយបន្តការងាររបស់នាង។
ទោះជាយ៉ាងណា នៅពេលនោះ Isa បានសុំទោសទស្សនិកជនចំពោះការរំខាននេះ ប៉ុន្តែពិធីករ Nacho បាននិយាយភ្លាមៗថា “អត់ទេ អ្នកមិនចាំបាច់សុំទោសទេ។ រឿងនេះធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់ ខ្ញុំស្ទើរតែមិនជឿអ្វីដែលបានកើតឡើង។ ជាអ្វីដែលខ្ញុំទើបតែបានឃើញ»។
អ្នកយកព័ត៌មានស្រី Isa បាននិយាយថា បុរសឈ្លើយនោះបានដេកនៅក្បែរនោះមួយសន្ទុះ ហើយបន្តទៅប៉ះស្ត្រីផ្សេងទៀតដែលកំពុងដើរតាមផ្លូវ។
ទីបំផុត ប៉ូលីសអេស្ប៉ាញ បានប្រកាសថា បុរសខាងលើត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទបៀតបៀនអ្នកយកព័ត៌មានស្រី។
បើទោះបីជាក្រោយមក បុរសនោះត្រូវបានដោះលែងវិញ ដោយសារតែសកម្មភាពខាងលើមិនមាននិន្នាការបង្កជាអំពើហិង្សា ឬបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះក៏ដោយ ប៉ុន្តែហេតុការណ៍នេះ បានធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ នៅលើអនឡាញ ខណៈមនុស្សជាច្រើនថា សកម្មភាព និងអាកប្បកិរិយាដ៏មិនសមរម្យនេះគួរតែត្រូវបានថ្កោលទោស ដើម្បីកុំឲ្យកើតមានទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង