Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សាសន្ដិសុខអាមេរិក និងប្រមុខការទូតចិន ជួបគ្នាចំពេលជម្លោះកាន់តែតានតឹងងខ្លាំងឡើង

រដ្ឋធានីវ៉ាល់ឡេតា (Valletta)៖ ស្របពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាសស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែតានតឹងខ្លាំងឡើងនោះ មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក និង ប្រមុខការទូតចិន បានជួបពិភាក្សាគ្នា បន្ធូរបន្ថយ លើបញ្ហាជាច្រើន ដើម្បីឈានទៅដល់ជំនួបកំពូល រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថា លោក ជេក ស៊ូលលីវ៉ាន៉ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិរបស់សេតវិមានបានជួបជាមួយនឹង លោក វ៉ាង យី (Wang Yi ) រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកញ្ញា) នៅក្នុងប្រទេសម៉ាល់តា ដោយបានអះអាង អំពីគោលជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង និង វ៉ាស៊ីនតោន ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២នេះ កំពុងតែស្វះស្វែងរកស្ថិរភាព លើទំនាក់ទំនងការទូត ដែលកំពុងតែតានតឹង។

ជំនួបរបស់លោកទីប្រឹក្សា ស៊ូលលីវ៉ាន់ និង ប្រមុខការទូតចិន ជាកិច្ចប្រជុំចុងក្រោយបង្អស់ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និង ចិន។ កិច្ចពិភាក្សានេះ អាចឈានទៅដល់កិច្ចប្រជុំកំពូល រវាងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅចុងឆ្នាំ២០២៣នេះ។

ក្រសួងការបរទេសចិន បានអះអាង ថា ភាគីទាំងពីរ បានយល់ព្រមរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ និង ពិគ្រោះយោបល់ទ្វេភាគីលើកិច្ចការអាស៊ីប៉ាស៊ីហ្វិក កិច្ចការសមុទ្រ និង គោលនយោបាយការបរទេស។

ទន្ទឹមគ្នានេះ សេតវិមាន ក៏បានអះអាង ថា ភាគីទាំងពីរ បានប្តេជ្ញាចិត្ត រក្សាបណ្តាញទំនាក់ទំនងជាយុទ្ធសាស្រ្ត និង បន្តចូលរួម ហើយពិគ្រោះយោបល់កម្រិតខ្ពស់បន្ថែមទៀត នៅក្នុងវិស័យសំខាន់ៗ.ជាច្រើន.. នៅក្នុងប៉ុន្មានខែខាងមុខនេះ។

ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា លោកទីប្រឹក្សា ស៊ូលលី វ៉ាន បានបង្ហាញអំពីការកត់សម្គាល់ លើសារៈសំខាន់ នៃសន្តិភាព និង ស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈលោករដ្ឋមន្រ្ដីក្រសួងការបរទេស វ៉ាង យី បានព្រមានដល់សហរដ្ឋអាមេរិក ថា បញ្ហាតៃវ៉ាន់ ជា«បន្ទាត់ក្រហមដំបូង មិនអាចគ្រប់គ្រងបាន ជុំវិញទំនាក់ទំនងចិន-អាមេរិក។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានខកចិត្តយ៉ាងខ្លាំង ចំពោះការខកខានរបស់សមភាគីចិន លោក ស៊ី ជិនពីង ចូលកិច្ចប្រជុំកំពូល នៃក្រុមមេដឹកនាំ G 20 នៅក្នុងប្រទេសឥណ្ឌា នៅខែកញ្ញានេះ, ប៉ុន្តែលោកប្រធានាធិបតី បៃដិន បានអះអាង ថា គាត់នឹងទៅជួបលោក ស៊ី នាឱកាសបន្ទាប់ ដែលទំនងជាលោក ចូ បៃដិន នឹងជួបពិភាក្សាជាមួយលោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (ឬ ហៅកាត់ APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា។

លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក, លោក អេនតូនី ប្លីនខេន (Antony Blinken ) រដ្ឋមន្ត្រីក្រសួងការបរទេស និង លោកស្រីចាណេ យែលឡែន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសចិន នៅឆ្នាំ២០២៣នេះ ដើម្បីធានាអំពីការបន្តទំនាក់ទំនង រវាងប្រទេសទាំងពីរ ចំពេលមានភាពតានតឹង បានផ្ទុះឡើង ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងរបស់ចិន ដែលហោះឆ្លងកាត់ទឹកដីរបស់សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ជាបាឡុងចារកម្ម៕​ រក្សាសិទ្ធដោយ ៖ សារាយSN

×