រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំឲ្យ គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១. គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន នាវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមានទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
២. គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចង់ទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។
៣. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្តែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
រដ្ឋបាលរាជធានីភ្នំពេញមានក្ដីសង្ឃឹមទុកជាមុនថាគ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ប្រកបដោយមោទកភាព និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន។
បើតាមផេកព្រះបរមរាជវាំង បានចេញផ្សាយព័ត៌មានថា អបអរសាទរតំបន់ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។
តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩០ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។
តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។
ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។
បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។
ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថា ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។ ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន៕រក្សាសិទ្ធដោយ ៖ សុទ្ធលី