ព័ត៌មាននៃការស្លាប់របស់និស្សិតខ្មែរម្នាក់ ដែលកំពុងស្នាក់នៅ និងបន្ដការសិក្សានៅឯប្រទេសអ៊ីស្រាអែល នៅក្នុងហេតុការណ៍បាញ់ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើឲ្យប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា ពិតជារន្ធត់ចិត្ត និងក៏ដូចព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនិស្សិតខ្មែរដទៃនាក់ទៀតផងដែរ។
និស្សិតខ្មែរដែលបានស្លាប់មានឈ្មោះ ចាន់ ឧត្តម អាយុ ២៤ ឆ្នាំ មានស្រុកកំណើតស្ថិតនៅក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ចាន់ ឧត្តម គឺជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទទួលបានអាហាររូបករណ៍ទៅសិក្សា នៅឯប្រទេសអ៊ីស្រាអែល ផ្នែកពេទ្យសត្វ។
តែទន្ទឹមនឹងការស្លាប់របស់ប្អូនប្រុសរបស់ខ្លួនដ៏មិននឹកស្មានដល់បែបនេះ បុរសជាបងដែលមានគណនីហ្វេសប៊ុកឈ្មោះ «ចាន់ សីម៉ា» បានបង្ហោះសារយ៉ាងសោកសៅថា៖ «ស្ទើរមិនជឿ តែវាបានកើតឡើងនឹងភ្នែកបាត់ទៅហើយ។ បងប្អូនយើងមានតែបីនាក់ ឥឡូវប្អូនទៅចោលបងរហូតហើយ។ សូមប្អូនទៅឲ្យបានសុខចុះ បើមានជាតិក្រោយពិត សូមឲ្យអាយុវែងជាងនេះ និងបានធ្វើជាបងប្អូននឹងគ្នាទៀត។ បងប្អូនកូនក្មួយយើងមកចាំទទួលប្អូនហើយ។ ត្រឡប់មកផ្ទះយើងវិញមកប្អូន»។
ទាក់ទងការស្លាប់របស់សនិស្សិតខាងលើ នៅក្នុងសង្គ្រាមបាញ់ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមក្រុមហាម៉ាស់ នៅពេលមានបងប្អូនអ្នកលេងបណ្តាញសង្គមសួរនាំថា «តើគាត់ជួបគ្រោះពេលកំពុងដើរតាមផ្លូវមែនទេ?» គណនីហ្វេសប៊ុកជាបងប្រុសបង្កើតបានបញ្ជាក់ប្រាប់ថា «អត់ទេគាត់ត្រូវគេសម្លាប់នៅក្នុងបន្ទប់»។ ដែលនេះមានន័យថា គាត់ប្រហែលជាត្រូវបានអ្នកប្រយុទ្ធក្រុមហាម៉ាស មកសម្លាប់ដល់ក្នុងបន្ទប់តែម្តង
ទោះជាយ៉ាងណា បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះស្ថានការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារប្រជាជនខ្មែរដែលរស់នៅទីនោះ។ ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាល ក៏បានទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើន ដែលកំពុងមានវត្តមាននៅទីនោះរួចហើយផងដែរ ដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា ចាន់ ឧត្តម គឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតខ្មែរប្រមាណ ៤៥០ នាក់ ដែលកំពុងស្នាក់នៅ និងបន្ដការសិក្សានៅឯប្រទេសអ៊ីស្រាអែល ខណៈការស្លាប់របស់និស្សិត ចាន់ ឧត្តម គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានកំពុងបំពេញបេសសកម្មបន្ដការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបម្រើប្រទេសជាតិ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង