Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២៣នេះ កម្ពុជា រកចំណូលបានពីការនាំចេញស្រូវ-អង្ករ ឈានដល់កម្រិតមួយខ្ពស់ក្នុងតម្លៃ ១១៩០លានដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញស្រូវ-អង្ករ ឈានដល់កម្រិតមួយខ្ពស់ក្នុងតម្លៃ១១៩០លានដុល្លារ ដែលជាចំនួនទឹកប្រាក់ដ៏ខ្ពស់មួយជាប្រវត្តិសាស្ត្រ។ តួលេខនេះ បានកើនឡើង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៨៥០លានដុល្លារអាមេរិក។ ​

តាមរបាយការណ៍ ដដែលនេះ បានបានឲ្យដឹងទៀតថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញអង្ករចំនួន ៤៥ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៣២៧,៤៥លានដុល្លារ កើនឡើង ១,៦ភាគរយ និង ១៤,១៣ភាគរយ រៀងគ្នា។ អង្ករទាំងនេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ប្រទេស នៅជុំវិញពិភពលោក។

ការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន ១៥ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៩៩,៦៥លានដុល្លារ។​ដោយឡែកការនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបវិញ បានចំនួន ២៦ប្រទេស សម្រេចបានចំនួន ១៩ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១៣៨,៩៨លានដុល្លារ។ ចំណែកឯការនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ប្រទេស សម្រេចបានក្នុងបរិមាណចំនួនជាង ៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៣១,៣២លានដុល្លារ និងគោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាចំនួន ២៤ប្រទេស បានចំនួនជាង ៦ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ៥៧,៤៩លានដុល្លារ។

ចំពោះការនាំចេញស្រូវ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣លានតោន គិតជាទឹកប្រាក់បានប្រមាណ ៨៦២,៣៩លានដុល្លារអាមេរិក ក្នុងនោះជាង ៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ តួលេខនាំចេញស្រូវនេះ គឺមានកំណើនបរិមាណ ៣០,៦៣ភាគរយ និងកំណើនតម្លៃ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណនៃការនាំចេញកើនឡើងនេះ គឺថាបានមកពីការកើនឡើងនៃតម្លៃស្រូវ និងអង្ករនាំចេញរបស់កម្ពុជា និងដោយសារការធ្លាក់ចុះនៃការផ្គត់ផ្គង់អង្ករក្នុងទីផ្សារសំខាន់ៗជាច្រើន បន្ទាប់ពីប្រទេសនាំចេញឈានមុខគេ ដូចជា ឥណ្ឌា និងប៉ាគីស្ថាន បានកាត់បន្ថយការនាំចេញរបស់ខ្លួន៕

×