ទីក្រុងតៃប៉ិ៖ ស្របពេល រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ដើម្បីចាប់បង្ខំដល់អាជ្ញាធរដែនកោះតៃវ៉ាន់ ព្រមទទួលស្គាល់ខ្លួនឯង ស្ថិតក្រោមដែនអធិបតេយ្យរបស់ចិន នោះមក អនុប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងថេ កំពុងតែបង្កើននូវការឃោសនា ស្វែងរកសំឡេងឆ្នោត នៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៤ ថា ចិន នឹងមិនឈ្លានពានដែនកោះមួយនេះឡើយ ប្រសិនបើគាត់ជាប់ឆ្នោត ក្លាយជាប្រធានាធិបតី បន្ដអំណាចពីលោកស្រី សៃ អ៊ីង-វ៉ិន។
សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ថា លោក ឡៃ ឈីងថេ (Lai Ching-te) បេក្ខជនប្រធានាធិបតី មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅកាត់ (DPP)របស់លោកស្រី សៃ អ៊ីង-វ៉ិន ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ (ទី៥ ខែវិច្ឆិកា) ថា ឱកាសរបស់ចិន ឈ្លានពានមកលើកោះតៃវ៉ាន់ មានទាបបំផុត ប្រសិនបើគាត់ជាប់ឆ្នោត ក្លាយជាប្រធានាធិបតីតៃវ៉ាន់។
លោក ឡៃ ឈីងថេ បានសង្កត់ធ្ងន់ ថា ប្រសិនបើគាត់ជាប់ឆ្នោតក្លាយជាប្រធានាធិបតីតៃវ៉ាន់ គឺសង្រ្គាមឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នឹងមានកម្រិតទាបបំផុត ព្រោះគាត់មានសមត្ថភាពខ្ពស់ អាចការពារដែនកោះមួយនេះបាន។ ប៉ុន្ដែនៅពេលមានការសាកសួរ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ការផ្លាស់ប្តូរឈ្មោះកោះតៃវ៉ាន់ នោះ លោក ឡៃ បានអះអាង ថា ឈ្មោះផ្លូវការរបស់តៃវ៉ាន់ ជា«សាធារណរដ្ឋចិន» ក៏នឹងនៅតែមាន ហើយទង់ជាតិរបស់ដែនកោះមួយនេះ ក៏នឹងនៅតែបន្តបក់ នៅលើអាកាសដដែល។
លោកអនុប្រធានាធិបតី ឡៃ បានសង្កត់ធ្ងន់ ថា សន្តិភាព ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយក៏គ្មានប្រទេសណាមួយ ឬ អ្នកណាម្នាក់អាចឈ្នះ នៅក្នុងសង្គ្រាមនោះដែរ។ ទន្ទឹមគ្នានេះ គាត់បានប្ដេជ្ញា ការពារសន្តិសុខ និង ស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយការពារសន្តិភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បើទោះជា កោះតៃវ៉ាន់ នឹងត្រូវប្រឈមមុខជាមួយនឹងភាពចលាចល នាពេលខាងមុខយ៉ាងណាក្ដី ក៏គាត់អាចនឹងប្រើប្រាស់កម្លាំងយោធារបស់តៃវ៉ាន់ រក្សាការពារនាវារបស់តៃវ៉ាន់ បន្ដដំណើរឆ្ពោះទៅមុខជាលំដាប់ ព្រោះនេះជាបេសកកម្មដ៏សំខាន់របស់គាត់។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ថា កោះតៃវ៉ាន់ ជាដែនអធិបតេយ្យរបស់ចិន ហើយចិន នឹងប្រើប្រាស់កម្លាំងយោធា រឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ នៅក្នុងថ្ងៃណាមួយ ប្រសិនបើមានការចាំបាច់។
ដោយឡែក លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ដែលនឹងជិតផុតអាណត្ដិ បានបដិសេធយ៉ាងដាច់អហង្ការ ប្រឆាំងនឹងការអះអាងរបស់ចិន ចាប់តាំងពីលោកស្រី បានឡើងកាន់អំណាច រហូតមក។ លោកស្រី បានប្រកាសយ៉ាងដាច់ខាត ថា បើទោះជាអស់ នៅក្នុងតម្លៃប៉ុនណាក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកស្រី នឹងការពារដែនកោះមួយនេះឲ្យខាងតែបាន។ ប៉ុន្ដែនៅក្នុងការបោះឆ្នោត នៅឆ្នាំក្រោយនេះ លោកស្រី បានជំរុញឲ្យអនុប្រធានាធិបតីរបស់លោកស្រី ឈរឈ្មោះជាប្រធានាធិបតី ដើម្បីគ្រប់គ្រងដែនកោះមួយនេះ បន្ដពីលោកស្រី នឹងអស់អាណត្ដិ នាពេលខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN