ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ក្មេងទំនើង បំនួន ៦នាក់ ប្រព្រឹត្តអំពើ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាន់អាវុធប្រហារ នៅក្រៅលំនៅឋាន) នៅចំណុចផ្លូវកៅស៊ូ ភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្មទណ្ឌ លេខៈ៧៤៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ ពាក់ព័ន្ធជាក្មេងទំនើងមានខ្លួនចំនួន៦នាក់ (អនីតិជន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការ ពិនិត្យ ពីបទ: កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សមគំនិតក្នុងអំពើកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត(កាន់កាប់អាវុធប្រហារ នៅក្រៅលំនៅឋាន) ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តាមមាត្រា ៤៩០ កថាខណ្ឌទី២ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន៦នាក់ដូចខាងលើ នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ៣៥៤២ប.ឃ៩/២៤,លេខ៣៥៤៤ប.ឃខ/២៤, លេខ៣៥៤៦ប.ឃខ, លេខ៣៥៤៨ប.ឃខ/២៤, លេខៈ៣៥៥០ប.ឃខ/២៤ និងលេខៈ៣៥៥២ប.ឃខ/ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី