Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីស៊ីលរបស់ហេសបូលឡាហ៍ បង្កើនការគំរាមកំហែង ដល់កងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក

រដ្ឋធានីប៊េរូស៖ សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បានបណ្ដាលឲ្យមនុស្សស្លាប់ កើនឡើង លើសពី ១០ ០០០នាក់ ហើយជម្លោះដ៏ឃោរឃៅនេះ បានបង្កឲ្យក្រុមប្រដាប់អាវុធហេសបូលឡាហ៍ នៅក្នុងប្រទេសលីបង់ ផ្ទុះកំហឹងយ៉ាងខ្លាំង បង្កើនការគំរាមកំហែង ទៅលើកងនាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភព ពីអ្នកដឹងឃ្លាំងអាវុធរបស់ក្រុមហេសបូលឡាហ៍ បានអះអាង ថា មីស៊ីលប្រឆាំងនឹងនាវាដ៏ខ្លាំងក្លា ផលិតដោយរុស្ស៊ី ដែលក្រុមប្រដាប់អាវុធលីបង់ ទទួលបាន នឹងផ្តល់ជាមធ្យោបាយ នៅក្នុងការគំរាមកំហែង ប្រឆាំងនឹងកងនាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ហើយវានឹងបង្ហាញនូវហានិភ័យដ៏ធ្ងន់ធ្ងរ សម្រាប់សង្គ្រាម នៅក្នុងតំបន់។

លោក ហាសសាន់ ណាស្រាលឡាហ៍ (Hassan Nasrallah) មេដឹកនាំក្រុមហេសបូលឡាហ៍ បានព្រមានដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ថា ក្រុមហេសបូលឡាហ៍របស់គាត់ មានអ្វីផ្សេងៗ នៅក្នុងឃ្លាំង សម្រាប់រង់ចាំកម្ទេចកងនាវារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើង កាលពីខែតុលា រវាងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន និង អ៊ីស្រាអែល រហូតនាំឲ្យកក្រើក នៅពាសពេញតំបន់មជ្ឈិមបូព៌ា។

ប្រភពចំនួន២ ចេញពីប្រទេសលីបង់ ដែលដឹងអំពីឃ្លាំងអាវុធរបស់ក្រុមហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់ បានអះអាង ថា គាត់បានដឹងទៅលើសមត្ថភាពមីស៊ីលប្រឆាំងនឹងនាវារបស់ក្រុមហេសបូលឡាហ៍ ដោយរាប់បញ្ចូលទាំងមីស៊ីលយ៉ាខុនត៍ (Yakhont) ផលិតដោយរុស្ស៊ី អាចវាយប្រហារ នៅក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ។

បណ្ដាញផ្សព្វផ្សាយ និង ក្រុមអ្នកវិភាគ បានបង្ហាញអស់រយៈពេលជាយូរមកហើយ ថា ក្រុមហេសបូលឡាហ៍ បានទទួលមីស៊ីលយ៉ាខុនត៍ នៅក្នុងប្រទេសស៊ីរី ក្រោយការដាក់ពង្រាយ អស់រយៈជាង១ទសវត្សរ៍ កន្លងមកហើយ ដើម្បីជួយដល់ប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសសាដ (Bashar al-Assad) ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរី។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអះអាង ថា សហរដ្ឋអាមេរិក បានដាក់ពង្រាយកងទ័ពជើងទឹក នៅសមុទ្រមេឌីទែររ៉ាណា ដោយមានទាំងនាវាផ្ទុកយន្ដហោះ ចំនួន២គ្រឿង ហើយមានការគាំទ្រ ដោយកងនាវាចម្បាំងជាច្រើន ដោយមានគោលបំណង រារាំងដល់ការពង្រីកជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ដែលអ៊ីរ៉ង់ ជួយគាំទ្រដល់ក្រុមហាម៉ាស់ ក្រុមហេសបូលឡាហ៍ និង ជីហាដអ៊ិស្លាមប៉ាឡេស្ទីន។

ក្រុមហេសបូលឡាហ៍ យល់ឃើញ ថា កងនាវាចម្បាំងអាមេរិក គឺជាការគំរាមកំហែង ដោយផ្ទាល់ ដោយសារតែសមត្ថភាពវាយប្រហាររបស់ក្រុមនេះ និង សម្ពន្ធមិត្ត។ ជាមួយគ្នានេះ លោក ណាស្រាលឡាហ៍ បានបញ្ជាក់ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) ថា កងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅសមុទ្រមេឌីទែររ៉ាណេ «កុំបំភ័យយើង ហើយនឹងមិនអាចបំភ័យយើងបាននោះឡើយ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×