ពិតជារឿងដ៏ភ្ញាក់ផ្អើល ដែលគ្រឿងសមុទ្រសរុបជាង ២ ពាន់គីឡូក្រាម បានត្រូវមន្រ្តីជំនាញ ក.ប.ប. រឹបអូសនិងកម្ទេចចោល បន្ទាប់ពីត្រូវបានរកឃើញផ្ទុកសារធាតុគីមី (រក្សាទុកបានយូរ) នោះគឺ ហ្វម៉ាលីន (Formalin) ដែលត្រូវបានដឹងថាជាថ្នាំសម្រាប់រក្សាសពតែម្តង ដែលសាធារតុគីមីនេះ គឺបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
ជាក់ស្តែង បើតាមទំព័រហ្វេសប៊ុក «អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផល នោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។
មន្ត្រី ក.ប.ប ក៏បានបញ្ជាក់ឲ្យដឹងថា ចំពោះបង្គាទាំងអស់ មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ។
ដោយឡែក មកចាប់អារម្មណ៍សារធាតុគីមីខាងលើ បើតាម «កសិផលប្រពៃ» បានបង្ហាញឲ្យដឹងថា៖ ហ្វម៉ាលីន (Formalin) ឬ ថ្នាំចាក់ការពារសាកសព គឺជាសារធាតុគីមីដែលត្រូវបានហាមឃាត់ដាច់ខាត មិនឲ្យនៅក្នុងវិស័យម្ហូបអាហារដូចជា៖ ត្រី សាច់ បន្លែ ការកែច្នៃផលិតផលកសិកម្ម និង គ្រឿងសមុទ្រជាដើម ព្រោះថាវាអាចបង្តរឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដូចជា៖ បង្កទៅជាជំងឺមហារីកច្រមុះ, ពុល-សន្លប់ ឬអាចដល់ស្លាប់, ប៉ះពាល់ភ្នែក បំពង់ក និងដំណេកដង្ហើម, សម្រាប់ស្រ្តីអាចបណ្តាលឲ្យរលូតកូន, បង្កជាជំងឺមហារីកឈាម, គ្រោះថ្នាក់ដល់ក្រលៀន, រលាកប្រដាប់រំលាយអាហារ, ឈឺពោះ ក្អួតចង្កោរ និងរាគរួស។
ទន្ទឹមនឹងនេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ «ប៉ិច សុវុឌ្ឍិកា Sovuthika» ក៏បានផ្តាំទៅអ្នកចូលចិត្តប៊ូហ្វេគ្រឿងសមុទ្រធូរៗថ្លៃតាមហាងមួយចំនួន «ញ៉ាំម៉ាឆ្អែត ផឹកម៉ាសេរី» យ៉ាងដូច្នេះថា៖ «សារធាតុគីមី Formolin (ហ្វ័រម៉ុល) ជាថ្នាំសម្រាប់ត្រាំសាកសពដើម្បីរក្សាទុកបានយូរ កុំអោយស្អុយ រលួយ។ នេះគេយកមកត្រាំសាកសពដែរ តែសាកសពគ្រឿងសមុទ្រសម្រាប់យើងញ៉ាំ (ជាពិសេសនៅតាមហាងប៊ូហ្វេមួយចំនួន តម្លៃធូៗ)។ ផលប៉ះពាល់នៃ Formolin (ហ្វ័រម៉ុល) សម្រាប់រយៈពេលខ្លី គឺបណ្តាលឲ្យ៖ ឈឺក្បាល, វិលមុខ, ក្អក, រាគ, ថប់ដង្ហើម, រលាកបំពង់ក, ឈឺក្រពះ, ហត់ទៅៗ… និងសម្រាប់រយៈពេលយូរគឺបណ្តាលឲ្យ៖ ភ្លេចភ្លាំង បាត់ស្មារតី, ខូចប្រព័ន្ធប្រសាទ និងឈានដល់ប៉ះពាល់ដល់អាយុជីវិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង