ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រៅពីតម្លៃដែលគេរំពឹងថា នឹងកើនឡើង ៥ភាគរយ ទិន្នផលនឹងកើនដល់ ១០ភាគរយឯណោះ ដោយសារចម្ការស្វាយចន្ទីមានស្ថេរភាព និងបាតុភូត Elnino មិនប៉ះពាល់ខ្លាំងដល់ដំណាំចន្ទីនៅកម្ពុជាទេ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ទុកថា នៅក្នុងឆ្នាំ២០២៤ ខាងមុខ តម្លៃគ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពល្អនឹងកើន ៥ភាគរយ ដោយសារគុណភាពស្វាយចន្ទីកម្ពុជា និងតម្រូវការសាកលកើនឡើងរួចមកហើយ។
លោក រំពឹងថា តាមរយៈការខិតខំលើកស្ទូយលើវិស័យស្វាយចន្ទីនៅកម្ពុជា ក៏ដូចជាការចូលរួមទាំងរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនផងនោះ កម្ពុជានឹងអាចក្លាយជាប្រទេសដែលមានគុណភាពគ្រាប់ស្វាយចន្ទីល្អជាងគេ និងរស់ជាតិឆ្ងាញ់ជាងគេក្នុងពិភពលោក។ ទន្ទឹងនឹងកម្ពុជាមានស្វាយចន្ទីល្អ និងគុណភាពល្អជាគេ តែកម្ពុជានៅខ្វះខាតចំណុចតិចតួចមួយគឺ ការកែច្នៃគ្រាប់ចន្ទីឱ្យទៅជាផលិតផលស្តង់ដា និងអាចទទួលយកបានក្នុងទីផ្សារអន្តរជាតិ។ ការណ៍នេះកម្ពុជាបានចាប់ផ្តើមចេញដំណើរហើយ គឺតាមរយៈកម្ពុជាបានចូលរួមសន្និសីទស្វាយចន្ទីនៅទីក្រុងឌូបៃ ដោយគេបានអបអរសាទរខ្លាំង ដោយសារកម្ពុជាបានជាប់ជាប្រទេសដែលមានគ្រាប់ផ្លែចន្ទីដ៏ល្អនៅឆ្នាំ២០២១។ នេះជាជំហ៊ានដ៏ល្អមួយ ហើយវាស្របនឹងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនមានមហិច្ចតាក្នុងទិសដៅលើកស្ទួយប្រទេសកម្ពុជាដែលមានស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេលើពិភពលោក។
រយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦១៥០០តោន ដែលមានទំហំទឹកប្រាក់ ៨៣១លានដុល្លារ ទៅកាន់ទីផ្សារក្រៅប្រទេស។ សម្រាប់តម្លៃគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមស្ថិតនៅក្នុងបន្លោះ ១២០០-១៩០០ដុល្លារ ក្នុងមួយតោន។
បច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅចេញជាង ៩០ភាគរយ ទៅកាន់ប្រទេសជិតខាង ក្នុងនោះវៀតណាម ថៃ ចិន និងឥណ្ឌា។ ចំពោះការកែច្នៃក្នុងស្រុកមានប្រមាណជាង ៥ភាគរយ។ ដំណាំចន្ទីមានជិត ៧០ម៉ឺនហិកតា ត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង ៣លាន ២សែនហិកតានេះ។
គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលបានដាក់ចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី។ កម្ពុជាមានផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីប្រមាណ ២,៣៨លានហិកតា ខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង ៣លាន ២សែនហិកតា៕