ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលថា ការនាំចេញកសិផលរបស់កម្ពុជាបានចំនួន ៧,៣១ លានតោន ទៅកាន់ទីផ្សារក្រៅប្រទេស និងតំបន់ចំនួន ៧៥ ក្នុងអំឡុងពេលខែមករា ដល់ខែវិច្ឆិកាឆ្នាំនេះ ធ្លាក់ចុះ ៤,៦ភាគរយ បើធៀបនឹងរយៈពេលមួយឆ្នាំ។
របាយការណ៍ បានឱ្យដឹងទៀតថា ប្រទេសកម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ៣,៩ ប៊ីលានដុល្លារពីការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ។
បើតាមការឲ្យដឹងពីលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “បើទោះបីជាការនាំចេញទំនិញធ្លាក់ចុះបន្តិច ក្នុងរយៈពេល ១១ខែ ដើមឆ្នាំនេះក្តី យើងមានសុទិដ្ឋិនិយមថា កំណើននេះ នឹងងើបឡើងវិញនាពេលឆាប់ៗ ដោយសារការនាំចេញក្នុងខែវិច្ឆិកា ឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកបានបន្ថែមថា កម្ពុជាបាននាំចេញកសិផលចំនួន ១,០៣ លានតោនក្នុងខែវិច្ឆិកាឆ្នាំនេះ កើនឡើងជិត ៥០ភាគរយ ពី ០,៦៩ លានតោន ក្នុងខែដូចគ្នាកាលពីឆ្នាំទៅ។
គួរបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗ ដែលកម្ពុជានាំចេញ រួមមាន៖ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី មៀន ពោត និងប្រេងដូង ជាដើម។ ហើយដោយឡែក ប្រទេសចិន វៀតណាម និងថៃ គឺជាអ្នកនាំចូលចម្បងនៃទំនិញកសិកម្មរបស់ប្រទេសកម្ពុជា៕