មួយរយៈពេលកន្លងមកនេះ ឃើញថារឿងរ៉ាវទាក់ទងនឹងព្រះអង្គ ចន្ទ មុនី បានល្បីសុះសាយកក្រើកពេញផ្ទៃប្រទេសតែម្តង បន្ទាប់ពីចាប់ផ្តើមធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង តាមរយៈរូបភាពយកជើង «ជាន់ក្បាល» ស្របពេលលេចធ្លាយព័ត៌មានថាមានអាយុរហូត ១២២ ឆ្នាំ និងក៏ត្រូវបានផ្តល់ឈ្មោះថាជា «លោកឪសួងទី២» ទៀតផង។
ជាការពិតណាស់ ទន្ទឹមនឹងផ្ទុះហាក់មានបារមីខ្លាំងពូកែ និងបួករួមការទេសនាមានការយល់ដឹងជ្រៅជ្រះទាំងផ្លូវពុទ្ធចក្រ និង អាណាចក្រ ព្រះអង្គ ចន្ទ មុនី បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលមានជំនឿ នាំគ្នាសម្រុកទៅកាន់អាស្រមរបស់ព្រះអង្គ ឡើងភ្លូកទឹកភ្លូកដីតែម្តង ដើម្បីចង់ជួបសុំពរជ័យ ហើយសកម្មភាពប្រមូលជួបជុំរបស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ អស់ពីក្នុងបរិវេណអាស្រម ចេញមកតាមដងផ្លូវ ទីកន្លែងសាធារណៈជាហូរហែ។
ទោះជាយ៉ាងណា ក្រោយពីបានឃើញមនុស្សម្នាកាន់តែឡើងខាប់ទឹកខាប់ដី ខណៈព្រះអង្គ ចន្ទ មុនី ក៏ចាប់ផ្តើមប្រើប្រាស់ «ផ្លិតទិព្វ» បក់លើហ្វូងមនុស្ស និងសូម្បីប្រោសព្រហ្មដបទឹកសុទ្ធ ជាហេតុធ្វើឲ្យមហាជនៅលើបណ្តាញសង្គម សម្តែងការហួសចិត្តយ៉ាងខ្លាំង ហើយមតិមហាជនភាគច្រើនបានលើកឡើងដាក់ឲ្យបែបនេះថា «មនុស្សងាយគេបោក គឺជាប្រភេទមនុស្សគ្មានបញ្ញានៃការគិត»។
តែយ៉ាងណាមិញ ថ្មីៗនេះ វីដេអូឃ្លីបមួយបង្ហាញសកម្មភាពព្រះអង្គ ចន្ទ មុនី «សូត្រផ្លុំ និងចាប់សរសៃ» ព្យាបាលជំងឺដល់ក្មេងប្រុសម្នាក់ជាលើកដំបូង បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំងតែម្តង បន្ទាប់ពីល្បីអាចធ្វើឲ្យអ្នកជំនឿជាច្រើននាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះដូចជា គោផ្អើលរត់ជាន់បាក់ជើង ក៏អាចដើរវិញធម្មតា បាយទឹកពុំនឹកឃ្លាន ញ័រដៃញ័រជើងច្រើនឆ្នាំ ក៏អាចវិលត្រលប់មកសភាពធម្មតាវិញ និងសូម្បីខ្វិនជើង ក៏អាចដើរវិញបានផងដែរ បន្ទាប់ពីបានអះអាងថាត្រូវបាន «ផ្តិតទិព្វ» របស់ព្រះអង្គ ចន្ទ មុនី ប្រោះព្រហ្មឲ្យ។
ទោះជាយ៉ាងណា ក្រោយពីបានឃើញសកម្មភាពឈានមកចេះព្យាបាលជំងឺសូត្រផ្លុំដូចគ្រូមន្តអាគមដែរ ធ្វើឲ្យមហាជនហួសចិត្តខ្លាំង និងដាក់ឲ្យចំៗបែបនេះថា៖ «ប្រាប់គេថាមិនមែនជាគ្រូស្ដោះផ្លុំអីទេ! អាម៉េចចេញអញ្ចឹងវិញ, និយាយជាន់កែងខ្លួនឯង, ទៀងមិនឈ្នះទាល់ ព្យាយាមនិយាយការពិត តែទង្វើផ្ទុយស្រឡះ,…»។
ជឿថា ប្រិយមិត្តជាច្រើនប្រហែលជាបានទទួលជ្រាបរួចហើយ កាលពីអំឡុងចាប់ផ្តើមផ្ទុះល្បី ព្រះអង្គ ចន្ទ មុនី បានចេញមុខផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា ព្រះអង្គពុំមានប្ញទ្ធីបារមីខ្លាំងពូកែអស្ចារ្យនោះទេ ហើយក៏មិនមែនជាគ្រូបារមីអូមអាមចេះព្យាបាលជំងឺអ្វីនោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង