Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិញ​បាយ​អស់ ៤០០០​៛ តែ​ច្រឡំ​ផ្ទេរ​ប្រាក់​ឱ្យ​អ្នក​លក់ 4000$ លុះ​ដឹងខ្លួន​ខំ​ប្រញាប់​ប្រញាល់​ទៅ​សុំ​ប្រាក់​មកវិញ បែរជា​អ្នកលក់​មិនព្រម​ឱ្យ អត់ទ្រាំ​លែងបាន​ចុងក្រោយ​មានតែ​ធ្វើបែប​នេះ

បុរសមានចិត្តលោភលន់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីចង់បានរបស់ទ្រព្យគេដ៏គ្មានការអៀនខ្មាស ពីនារីជានិស្សិតម្នាក់ ដែលបានទៅញ៉ាំបាយស្រូប ហើយនៅពេលគិតលុយអស់ថ្លៃ ៤,០០០ រៀល តែច្រឡំបាញ់ (ផ្ទេរ) ជាលុយដុល្លារចំនួន ៤,០០០ ដុល្លារ ប៉ុន្តែ បែរជាបុរសអ្នកលក់បាយរូបនេះបដិសេធមិនព្រមផ្ទេរប្រគល់ឲ្យវិញឡើយ។

ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅចំណុចហាងលក់បាយមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។

ទាក់ទិនទៅនឹងរឿងនេះ នារីជនរងគ្រោះជានិស្សិតម្នាក់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រហែលជាង ៩ ព្រឹក រូបនាងបានទៅទិញបាយសាច់ជ្រូកមួយប្រអប់ក្នុងតម្លៃ ៤០០០ រៀល នៅចំណុចហាងលក់បាយមួយកន្លែង ស្ថិតចំណុចកើតហេតុខាងលើ ដែលអ្នកលក់ជាបុរសឈ្មោះ សំ យោធិន ។ តែដោយសារតែនាងពុំមានប្រាក់ជាប់ខ្លួន ក៏សុំ QR Code របស់អ្នកលក់ដើម្បីផ្ទេរប្រាក់ថ្លៃបាយឱ្យ ប៉ុន្តែ ដោយសារពិនិត្យមិនច្បាស់ ក៏ច្រឡំស្កេនជាប្រាក់ដុល្លារចំនួន ៤០០០ ដុល្លារ តាមរយៈគណនី ABA របស់ខ្លួនដែលមានឈ្មោះ CHET KHLUOT ចូលទៅក្នុងគណនីធនាគារ ACLEDA របស់អ្នកលក់ដែលមានឈ្មោះ «សំ យោធិន»។

លុះដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅពេលដឹងថាបានបាត់បង់លុយដុល្លារក្នុងគណនីអស់ 4000$ និងក៏គិតថាច្បាស់ជាផ្ទេរច្រឡំទៅឲ្យអ្នកលក់បាយខាងលើ រូបនាងក៏បានប្រញាប់ប្រញាល់ទៅសុំប្រាក់ពីបុរសជាអ្នកលក់នោះវិញ ប៉ុន្តែបុរសរូបនេះបែរជាបដិសេធមិនព្រមប្រគល់ប្រាក់ទាំងនោះឱ្យមកនាងទាំងអស់វិញឡើយ ដោយបានទាមទារយកពាក់កណ្ដាល តែពេលនោះនាងមិនព្រមឱ្យនោះទេ។ លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ រូបនាងបាននាំសាច់ញាតិដើម្បីមកឱ្យជួបចរចាទាមទារយកប្រាក់នោះត្រឡប់មកវិញ តែបុរសជាអ្នកលក់រូបនេះនៅតែបដិសេធមិនព្រមប្រគល់ឲ្យដដែល ទើបចុងក្រោយ នាងក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងមកកាន់នគរបាលក្រុងសៀមរាប ដើម្បីឱ្យជួយអន្តរាគមន៍យកប្រាក់របស់នាងទាំងនោះត្រឡប់មកវិញតែម្ដងទៅ។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ នៅចំពោះមុខសមត្ថកិច្ច បុរសអ្នកលក់ដ៏មានចិត្តលោភលន់រូបនេះ បានឆ្លើយសារភាពដ៏ហួសចិត្តបំផុតថា ខ្លួនពិតជាបានឃើញក្នុងគណនីធនគារអេស៊ីលីដារបស់ខ្លួនមានប្រាក់ ៤,០០០ ដុល្លារ ត្រូវបានផ្ទេរចូលមែន ប៉ុន្តែ មិនបានចាប់អារម្មណ៍នឹកគិតថាជាប្រាក់ផ្ទេរមកពីណានោះទេ? ។ ហេតុដូច្នេះ នៅពេលនារីម្ចាស់លុយមកសុំ ខ្លួនពុំព្រមផ្ទេរប្រគល់ឲ្យវិញទេ ដោយខ្លួនបានឆ្លៀតសុំចំណែក ១,០០០ ដុល្លារ ជាថ្នូរនឹងការផ្ទេរប្រាក់ឱ្យវិញ តែភាគីម្ចាស់លុយមិនព្រម ក៏បានទៅដាក់ពាក្យប្ដឹងខ្លួនតែម្តង។ បុរសរូបនេះក៏បានសារភាពត្រង់ៗថា ប្រាក់ចំនួន ៤,០០០ ដុល្លារនោះ រូបគេគឺបានយកទៅចាយទិញអីវ៉ាន់ និងឱ្យបងប្អូនមិត្តភក្តិខ្ចីអស់រលីងទៅហើយ។

ជាលទ្ធផលនៃអំពើលោភលន់ដ៏គ្មានការអៀនខ្មាសរបស់អ្នកលក់រូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ និងបញ្ជូនបន្តទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ខណៈវត្ថុតាងមួយចំនួនដែលសមត្ថកិច្ចរួមមាន៖ ប្រាក់ដុល្លារចំនួន ៥៤៥ ដុល្លារ ប្រាក់ថៃចំនួន ២៤០បាត ប្រាក់រៀលខ្មែរ ចំនួន ៨២០០រៀល ទូរស័ព្ទដៃ០២គ្រឿង និងម៉ូតូ០១គ្រឿង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×