សត្វឆ្កែ Pitbull ដ៏ធំ១ក្បាល ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស បន្ទាប់ពីវាបានខាំហែកហួរម្ចាស់របស់វាយ៉ាងសាហាវបំផុត នៅលើដងផ្លូវមួយកន្លែងនៅក្នុង Yichang, ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៨ កក្កដា ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Rao បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែសត្វឆ្កែរបស់គាត់ប្រភេទ Pitbull បានវាយប្រហារគាត់ ខណៈគាត់កំពុងដឹកវាឲ្យដើរលេងនៅលើចិញ្ចើមផ្លូវនៅពេលព្រឹកថ្ងៃនោះ ។
វីដេអូនៃហេតុការណ៍មហារន្ធត់នេះ ដែលត្រូវបានចែករំលែកលើអនឡាញ បានបង្ហាញឲ្យឃើញពួកអ្នកដំណើរ បានព្យាយាមចូលជួយម្ចាស់ឆ្កែនោះ ដោយប្រើដំបង ។ ប៉ុន្តែ ទោះជាពួកគេបានខិតខំយ៉ាង ក៏ពុំអាចបញ្ឈប់សត្វឆ្កែដ៏កំណាចនេះបានឡើយ ដោយអ្នកជួយខ្លះក៏រងរបួសពីការវាយប្រហាររបស់សត្វឆ្កែនេះផងដែរ ។
នៅពេលមន្ត្រីប៉ូលីសបានមកដល់កន្លែងកើតហេតុ សត្វឆ្កែនេះបានរត់ទៅកាន់អតីតផ្ទះម្ចាស់វាវិញ ។ ទោះយ៉ាងណា ប៉ូលីសបានសម្រេចបាញ់សម្លាប់វា បន្ទាប់ពីពួគេបានស្នើសុំការអនុញ្ញាតពីម្ចាស់ ។
យោងតាមប្រភពព័ត៌មាន អតីតម្ចាស់ឆ្កែនេះ គឺជាមិត្តភក្តិរបស់ Rao ។
Rao ទទួលបានការវះកាត់នៅមន្ទីរពេទ្យមួយក្នុងតំបន់ និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ភាគីទាំងពីរបានដោះស្រាយគ្នាជាមួយសំណងជាឯកជន ។
ប៉ូលីសបានពន្យល់ថា សត្វឆ្កែនោះកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ដូច្នេះ វាប្រែជាឆ្កែឆ្កួត និងលែងស្គាល់ម្ចាស់របស់វា ៕ ចន្ទី (shine.cn)