Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់បានឃាតករបាញ់អ្នកគ្រូពេទ្យ និងកូនស្រីក្នុងមណ្ឌលសុខភាពអណ្ដូងក្រឡឹង

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ស្រុក​អូរ​រាំង​ បាន​បំបែកសំណុំរឿង​ឃាតកម្ម​មួយ​ដែល​បាន​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣ និង​២០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា៖ ក្នុង​ករណី​ខាងលើ​នេះ ​មាន​ជន​រង​គ្រោះ​ចំនួន២​នាក់មានឈ្មោះ ៖

១-ឈ្មោះ កែម កែវ​កន្និការ ភេទស្រី អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូពេទ្យ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិអណ្តូង​ក្រឡឹង ឃុំសែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ (​ស្លាប់​) ​។ ​

២-ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ០៦ឆ្នាំ​  (​ត្រូវជា​កូន​សព​) ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ​(​រង​របួស​ត្រូវ​ដៃ​ខាងឆ្វេង​) ។

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា៖ ករណី​នេះ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ សុខា នុ​ត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដោយ​ប្រើ​អាវុធ AK ៤៧ (១​ដើម​) បង់​ចំនួន​មួយ និង​គ្រាប់​ចំនួន០៦​គ្រាប់​។

យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​បញ្ជាក់​ថា ៖កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង​២៣​និង​២៩​នាទី ជន​ស្ស័​យ​ឈ្មោះ សុខា នុ​ត បាន​យក​កាំភ្លើង​AK 47មួយ​ដើម​ ដែល​រើស​បាន​ក្នុង​ព្រៃ ដើរទៅ​រក​នារី​រង​គ្រោះ​នៅ​បុ​ស្តិ៍​សុខភាព​អណ្ដូង​ក្រឡឹង មុន​និង​ចេញ​ទៅ​រក​ឆ្លុះ​សត្វ​ក្នុង​ព្រៃ​។

ពេល​ទៅ​ដល់​ប៉ុស្តិ៍​សុខភាព​ដែល​នារី​រង​គ្រោះ​ត្រូវ​ប្រចាំការ​ជាមួយ​កូនស្រី កំពុង​ដេក​ក្នុង​បន្ទប់​ប៉ុស្តិ៍​សុខភាព​នោះ ជនសង្ស័យ​ទៅ​ដល់​ក៏​បាន​សួរនាំ​រឿង​បាយ​ហូប ហើយ​ក៏​ឈ្លោះប្រកែក​គ្នា​ (​ដោយ​អ្នក​ទាំង​ពីរ​ត្រូវជា​សង្សា​រនឹង​​គ្នា​)​ ។​

ការ​ឈ្លោះ​ទាល់​ទែង​គ្នា​មួយសន្ទុះ ស្រាប់តែ​ជន​បង្ក​បាញ់​សម្លាប់​ជន​រង​គ្រោះ ត្រូវ​ចំ​ក្បាល​សៀតផ្កា​ខាងស្ដាំ ធ្លាយ​ចេញ​ទៅ​ខ្នង ចំណែក​ក្បាល​គ្រាប់​បន្ត​ធ្លាយ​ត្រូវ​ចំ​ដៃ​កុមារី​រង​គ្រោះ​ឈ្មោះ ជូ សា​ណា ត្រូវជា​កូន​នារី​រង​គ្រោះ ចំ​កំភួនដៃ​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​។

ក្រោយជនសង្ស័យឈ្មោះ សុខា នុត បាញ់សម្លាញ់នារីរងគ្រោះ ក៏បានបាញ់ខ្លួនឯងចំនួនពីរគ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួនពីកន្លែងកើតហេតុ រហូតដល់ព្រឹកឡើងម៉ោង០៥ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធីច្បាប់ ៕

×