Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

សៀមរាប៖ កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយ កប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។

លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។

តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។

ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះនៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និងសម័យបារាំង។ យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេត្រូវកំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុល ចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×