Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឲ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ និងបន្តពង្រឹងវិស័យស្រាវជ្រាវ

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាឆ្នាំ២០២៣ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នីបានសំណូមពរឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ និងបន្តពង្រឹងវិស័យស្រាវជ្រាវ ក៏ដូចក្នុងនាមជាមន្ទីរពិសោធន៍ដែលជាទីបង្អែកមួយនៅកម្ពុជាដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀតនៃវិស័យសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

នារសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de liaison de l’Institut Pasteur du Cambodge) បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត Vincent Richard មកពីវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស និងលោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងវប្បធម៌ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងសមាជិកអចិន្ត្រៃយ៍មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សរុបចំនួន២៨រូប។

នៅក្នុងកិច្ចប្រជុំនេះ លោកសាស្ត្រាចារ្យ André Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើបទបង្ហាញពីសមិទ្ធិផលរបស់វិទ្យាស្ថានក្នុងការស្រាវជ្រាវសេវាសាធារណៈ ការបណ្តុះបណ្តាលនៅក្នុងឆ្នាំ២០២៣ និងផែនការអភិវឌ្ឍន៍នាពេលអនាគតរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងគឺជាវេទិកាមួយដើម្បីពិភាក្សាអំពីសកម្មភាពរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងប្រមូលមតិកែលម្អពីសមាជិក។ កិច្ចប្រជុំនេះក៏បានលើកឡើងពីខួបគម្រប់៧០ឆ្នាំ របស់វិទ្យាស្ថាន ដែលបានប្រារព្ធឡើងតាមរយៈព្រឹត្តិការណ៍ផ្សេងៗពេញមួយឆ្នាំ២០២៣ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ក៏ដូចជាថ្នាក់តំបន់ និងអន្តរជាតិ។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបន្តទាក់ទាញអ្នកដែលមានទេពកោសល្យចម្រុះ និងមានបុគ្គលិកជាជនជាតិខ្មែរ និងបរទេសចម្រុះជាតិសាសន៍ចំនួន១៦ (សញ្ជាតិផ្សេងគ្នា) កំពុងបម្រើការងារនៅក្នុងវិទ្យាស្ថាននេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រនៅប្រទេសបារាំង និងក្រសួងសុខាភិបាល និងសំណូមពរឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ និងបន្តពង្រឹងវិស័យស្រាវជ្រាវ ក៏ដូចក្នុងនាមជាមន្ទីរពិសោធន៍ដែលជាទីបង្អែកមួយនៅកម្ពុជាដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀតនៃវិស័យសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។រក្សាសិទ្ធដោយ ៖ សុទ្ធលី

×