រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជន និងអាជ្ញាធរ មានសមត្ថកិច្ចជ្រាបថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យ សម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងថា កន្លងមកថ្មីៗនេះ មានជនមួយចំនួនបានធ្វើសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និង ទំនប់អាងទឹក ៧មករា ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជននិងអាជ្ញាធរមានសមត្ថកិច្ចជ្រាបថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យ សម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។
មាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា៖
“រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុង មាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល”។
អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសការការពារដីចំណីទន្លេ ស្ទឹង ព្រែក និងទំនប់ អាងទឹក ជាដើម ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ក្រសួងក៏ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់លើជនដែលធ្វើ សកម្មភាពប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ នៅស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី