ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំគណៈប្រតិបត្តិ និងសមាជិកនៃសមាគម ចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលមកពីអន្តរវិស័យមួយចំនួនទៀត រួមទាំងក្រុមការងារពាក់ព័ន្ធ ដើម្បីពិភាក្សាលើការត្រៀមរៀបចំកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីទេសចរណ៍ នៅលើទឹកដីខេត្តសៀមរាប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវមោទនភាព ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសមាគមទាំអស់ ដែលលះបង់កម្លាំកាយចិត្ត ពេលវេលា ចូលរួមដឹកនាំ និងអនុវត្តតតួនាទីភារកិច្ចផ្សេងៗរបស់សមាគមរហូតមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបុព្វហេតុវិស័យសិល្បៈវប្បធម៌ ក៏ដូចជាសកម្មភាពសប្បរសធម៌នានា និងការងារសង្គមជាច្រើន ក្នុងនាមសមាគមសិល្បករខ្មែរ។
ជាក់ស្ដែងកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីដ៏បវរនៃខេត្តសៀមរាប ជាសក្ខីភាពបន្ថែមទៀតបង្ហាញពីការចូលរួមរបស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគួរដោយផ្សារភ្ជាប់ចូលរួមក្នុងវិស័យទេសចរណ៍ផងដែរ។
នេះការអនុវត្តតាមផែនការសកម្មភាពរបស់សមាគម ដែលកន្លងមកតាមរយៈផែនការសកម្មភាពទាំងនោះហើយ បានក្លាយជាផែនទីចង្អុលផ្លូវសម្រាប់សមាគមសិល្បករខ្មែរប្រតិបត្តិតាមប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពលើការចូលរួមជួយដល់សង្គមជាតិ លើកិច្ចការងារក្នុងវិស័យវប្បធម៌ ហើយពេលនេះយើងក៏បានចូលរួមលើវិស័យទេសចរណ៍បន្ថែមទៀត ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង និងជាការនាំចេញនៅនឹងកន្លែងនោះ។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមបានប្រកាសជំហរចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យផែនការសកម្មភាពផ្សព្វផ្សាយពីទេសចរណ៍តាមរយៈកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ប្រព្រឹត្តទៅបានរលូន ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមចូលរួមក្នុងកិច្ចការជួយសង្គមជាតិផងដែរ។ ជាពិសេសការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកលើសមាគមសិល្បករខ្មែរ ដោយបានអនុញ្ញាតឱ្យសមាគមបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះនៅលើទីតាំងដ៏សមរម្យផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី