Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម​ប្រធានសម្ព័ន្ធក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលេីវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។ ឯកឧត្តមប្រធានបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច​ ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន​។ 

សម្ដេចបវរធិបតី និងឯកឧត្តប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ,​ អចលនទ្រព្យ, កសិកម្ម​ និងកសិ-ឧស្សាហកម្ម, អប់រំ,​ បច្ចេកវិទ្យា,​ ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ,​ ផ្សារទំនេីប ជាដើម។សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក​ ដើម្បីចាប់យកឱកាស​វិនិយោគ​នៅកម្ពុជា​៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×