Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យសិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រឿងញៀន ទៅដល់ស្រទាប់យុវជន

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាការទទួលបន្ទុកផ្សព្វផ្សាយ អប់រំ បានថ្លែងលើកទឹកចិត្តឱ្យសិល្បករ សិល្បការិនីទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួនដើម្បីផ្សព្វផ្សាយ ទៅដល់ស្រទាប់ យុវជន និងពលរដ្ឋ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះនារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន នាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះហត្ថលេខា ជាមួយអ្នកឧកញ៉ាអុឹង ឆៃងួន ជាអគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមរយៈពេល ២២០ថ្ងៃ នៃយុទ្ធនាការបង្ក្រាបរួម ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ២០២៤ ដល់ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ មានចំនួន ៦៤៥៥ករណី ឃាត់មនុស្សបាន ១៦ ០៤២នាក់ ស្រី ១ ២៧៧នាក់ ចាប់បានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង ៥តោន គីមីផ្សំមានចំនួន ២២៧គីឡូក្រាម កញ្ឆារស្ងួត ៦២គីឡូក្រាម និងកញ្ឆារស្រស់ជាង៦ពាន់ដើម។

ឯកឧត្តមបានបន្តថា តាមការប៉ាន់ប្រមាណ យុវជនជាង ២ម៉ឺន ទៅ៣ម៉ឺននាក់ បាននិងកំពុងរងឥទ្ធិពលពីគ្រឿងញៀន ដែលភាគច្រើនកើតឡើងដោយមូលហេតុមួយចំនួនដូចជា ចង់សាក ចាញ់បោក ចាប់បង្ខំ និងតម្លៃថោកនៃគ្រឿងញៀន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់អាទិភាព ក្នុងការអប់រំ និងផ្សព្វផ្សាយ ជាចំណុចសំខាន់ព្រោះថា មិនមានអ្វីប្រសើរជាងពលរដ្ឋមានការយល់ដឹង និងចូលរួមនោះទេ។ ក្នុងនោះអាជ្ញាធរជាតិប្រយុឬ្ធប្រឆាំងគ្រឿងញៀន មានគោលដៅទីមួយគឺ ការអប់រំ និងផ្សព្វផ្សាយ និងអនុវត្តច្បាប់ ។

ប្រមុខរាជរដ្ឋភិបាលក៏បានដាក់ចេញនូវវិធានការ «សម្អាតចកក្នុងបឹង» គឺលប់បំបាត់ឱ្យអស់នៅក្នុងសង្គម តាមរយៈការតេស្តរកសារធាតុញៀន នៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីស្ថាប័ន ដោយបានធ្វើតេស្តចំនួន ១០០ ៩៣១នាក់ មានវិជ្ជមាន ៩៨នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ៨៩នាក់ និង ៨នាក់ កំពុងអនុវត្តតាមច្បាប់។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងបានធ្វើឱ្យការបញ្ជ្រាបការយល់ដឹងទៅដល់យុវជន និងប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

អ្នកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប បានលើកឡើងថា ការរួមសហការគ្នាក្នុងការផ្សព្វផ្សាយរវាងហង្សមាស និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ បានបង្ហាញឱ្យឃើញ ពីកាតយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការលើកកម្ពង់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈហង្សមាស ក្នុងការផ្សព្វផ្សាយទប់ស្កាត់ ការលក់ដូរ និងប្រើប្រាស់គ្រឿងញៀន។ នាពេលកន្លងមក ក្នុងកម្មវិធីនានារបស់ហង្សមាស ទាំងកម្មវិធីសិល្បៈ ព័ត៌មាន ហង្សមាស តែងតែផ្សព្វផ្សាយជានិច្ច ក្នុងការបញ្ជ្រាបសារអប់រំស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនាមហង្សមាស អ្នកឧញ៉ា សូមចូលរួមគាំទ្រ ដល់វិធានការរបស់រដ្ឋភិបាល ដែលបានដាក់ចេញក្នុងការលប់បំបាត់បញ្ហាគ្រឿងញៀនឱ្យអស់នៅកម្ពុជាផងដែរ។

អ្នកឧកញ៉ា អុឹង ឆៃងួន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បុគ្គលិក និងសិល្បៈករ សិល្បៈការិនីនៃក្រុមហ៊ុនហង្សមាស គ្រុប ទាំងអស់ សូមចូលរួមយ៉ាងពេញទំហឹង និងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងប្រើប្រាស់គ្រប់មធ្យោបាយគ្រប់រូបភាព ដើម្បីសហការរួមគ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងណា អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លា របស់អ្នកឧកញ៉ា អុឹង ឆៃងួន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោះស្រាយបញ្ហាគ្រឿងញៀនដែលបានបង្កជាផលប៉ះពាល់ និងជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

ជាមួយនោះ ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នេត្រ ភក្រ្តា ក៏បានពាំនាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនហង្សមាស និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាសិល្បករ សិល្បការនីទាំងអស់ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន សែន ចាត់ទុក «គ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់» ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងលើកបន្ថែមថា តារាល្បីៗរបស់ហង្សមាសអាចចូលរួមបញ្ជូនសារអប់រំគ្រប់ដណ្តប់លើប្រជាពលរដ្ឋបានទូទាំងប្រទេស ហើយការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋជាការងារសំខាន់បាំបាច់ហើយគ្រប់កម្មវិធីតន្រ្តី កីឡា របស់ហង្សមាសសុទ្ធតែអាចបញ្រ្ជាបសារគ្រឿងញៀន “ផ្ទះយើងគ្មានគ្រឿងញៀន ជាតិយើងគ្មានគ្រឿងញៀន គ្រួសារមានសុភមង្គល ” និងសូមឱ្យក្រុមហ៊ុនហង្សមាសប្រើប្រាស់គ្រប់មធ្យោបាយផលិតបទចម្រៀង ស្ពតអប់រំពីគ្រឿងញៀន និងបញ្ជូនសារអប់រំប្រជាពលរដ្ឋរាល់កម្មវិធីផ្សាយផ្ទាល់ទាំងកម្មវិធីតន្រ្តី កីឡាទៅកាន់ និងសូមស្មារតីរួម ឆន្ទះរួមរបស់យើងនាពេលនេះជាកិច្ចសហការយូរអង្វែង ក្នុងទិសដៅរួមកម្ពុជាគ្មានគ្រឿងញៀន ដើម្បីគ្រួសារមានសុភមង្គល និងចូលរួមជំរុញការទាញយកApp Nodrug ៖https://nodrugsnacd.com/download៕រក្សាសិទ្ធដោយ៖ សុទ្ធលី

×