Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ក្រុង​ព្រះសីហនុ ចាត់វិធានការ​ក្តៅ ទៅ​លើ​ម្ចាស់​ហាង និង​តូប​លក់ដូរ ដែល​យក​ចំណី​ផ្លូវ​សាធារណៈ​បើក​ធ្វើ​អាជីវកម្ម​

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​រក្សា​សោភ័ណភាព​ក្រុង ឲ្យបាន​ប្រសើរ​ឡើង​ថែមទៀត​។​

សកម្មភាព​នេះ ដឹកនាំ​ដោយ លោក ជួប សីហា តំណាង​ឲ្យ​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ មួយចំនួនទៀត បាន​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ នៅតាម​ផ្លូវ​៤០០ និង ផ្លូវ​៥០០ មាន​ទីតាំង​នៅ​ចន្លោះ​ផ្លូវ​មុខ​សណ្ឋាគារ ខ្សាច់មាស និង​ផ្លូវ​អតីត​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​នា​ឱកាស​នោះ លោក ជួប សីហា បានឲ្យដឹងថា ក្រុម​ការងារ​ចម្រុះ​បាន​តម្រូវឲ្យ​ម្ចាស់​ហាង​ចំនួុន ២២​ហាង (​ភាគច្រើន​ជា​ហាង​របស់​ជនជាតិ​ចិន​) និង​តូប​លក់​ផ្លែឈើ​ចំនួន​១១​តូប ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួុន​ឯង​ជា​បន្ទាន់ ដោយ​អាជ្ញាធរ បាន​ទុក​ពេល ២​ថ្ងៃ ឲ្យ​រុះរើ គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ​។ ប៉ុន្តែ​ក្នុង​ករណី​ម្ចាស់​ទីតាំង​ទាំងនោះ មិន​ព្រម​រុះរើ​ចេញ រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​ចុះ​រុះរើ​ចេញ ដោយ​ពុំ​ទទួលខុសត្រូវ លើ​ការបាត់បង់ ឬ​ការខូចខាត​សម្ភារៈ​ផ្សេងៗ​នោះទេ​។​

ករណីនេះ លោក ជួប សីហា បញ្ជាក់ថា រដ្ឋបាល​ក្រុង ធ្លាប់​បាន​ជូនដំណឹង​ជា​ច្រើនលើក​ច្រើនសារ​រួចហើយ ទៅ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​ទាំងអស់នោះ មុននឹង អាជ្ញាធរ​ឈានទៅ​ចុះ​មាន​វិធានការ​ក្តៅ​ពេលនេះ​។​

​តាម​ការកត់សម្គាល់​ជា​បន្តបន្ទាប់​មក​នេះ មន្ត្រី​ជំនាញ នៃ រដ្ឋបាល​ក្រុង​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ច្រើន​ទៀត បាន​ចុះ​រុះរើ​សំ​យ៉ាប និង​តូប របស់​ហាង​លក់ដូរ​មួយចំនួន ដែល​សង់​នៅលើ​ចំណី​ផ្លូវ​សាធារណៈ​ជា​ច្រើន​ករណី​(​សង់​ខុសច្បាប់​) ដែល​បាន​ប៉ះពាល់​ដល់​ផ្លូវ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ភ្លៀវ​ជាតិ និង​អន្តរជាតិ​។ ជាពិសេស​នាំឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ខូច​សោភ័ណភាព​ក្រុង​ទេសចរណ៍ និង​ខូច​បរិស្ថាន​ជាដើម​…​។​

​ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាល​ក្រុង​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ជនជាតិខ្មែរ និង​ជន​បរទេស​ទាំងអស់ សូម​មេត្តា​រួម​គ្នា កុំ​សង់​សំណង់​ផ្សេងៗ រំលោភ​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ របស់​រដ្ឋ​តទៅទៀត​។​

បន្ថែម​លើ​នេះ រដ្ឋបាល​ក្រុង ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​នានា ឲ្យចូល​រួមសហការ​រដ្ឋបាល​ក្រុង​ឲ្យ​បាន​ទាំងអស់​គ្នា ប្រយោជន៍​​រួម​គ្នា​ថែរក្សា​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ទី​ក្រុងព្រះសីហនុ ឲ្យបាន​ល្អ​ថែម​ទៀត​នាពេលខាងមុខ​។​

ជាងនេះទៀត ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ ជួយ​ផ្តល់​ព័ត៌មាន មក​មន្ត្រី​ជំនាញ​ឲ្យបាន​ឆាប់ នៅពេល​ឃើញ​សំណង់​អនាធិបតេយ្យ សង់​ប៉ះពាល់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​នៅ​ទីតាំង​ណាមួយ​កើតឡើង​។​

មន្ត្រី​ជំនាញ​រដ្ឋបាល​ក្រុងព្រះសីហនុ បានឲ្យ​ដឹង​ដូច្នេះ រួច​សង្កត់ធ្ងន់ថា ការងារ​ខាងលើ​នេះ អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​តាម​ច្បាប់​ឲ្យបាន​មុឺងម៉ាត់​ចំពោះ​ម្ចាស់​សំណង់​សង់​អនាធិបតេយ្យ​ទាំងនោះ​៕ ដែន សីមា​

 

×