Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួច ម៉ូតូ

បន្ទាយមានជ័យ÷ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះឈឿន វិជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីចោរលួចម៉ូតូ នៅចំណុចអគារ១៨ (ហាយសូ) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចកាស៊ីណូ នាគទិព្វ ជាប់កាស៊ីណូអាត់ប៊ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាក HONDA DREAME ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង1AI-6521 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជនសង្ស័យ ១-ឈ្មោះ យ៉ុង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ លី ឃឹម ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះ ផល វុតថៃ (ប៊ីថៃ) ភេទប្រុស អាយុ១៨ឆ្នាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×