Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជា ដល់ធុរកិច្ចជាមួយ ក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ និងវិស័យឯកជន ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

សាន់ហ្វ្រាន់ស៊ីស្កូ៖ វេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ធុរកិច្ចជាមួយ ក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ(BAC) និងវិស័យឯកជន ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ជាមួយគណៈប្រតិភូក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (Bay Area Council – BAC) ដើម្បីបន្តពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនឯកជន ពីក្រុមហ៊ុនធំៗមួយចំនួន ដែលកំពុងវិនិយោគក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

កិច្ចពិភាក្សានាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនវិស័យឯកជនអំពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសគោលនយោបាយថ្មីៗនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលជារដ្ឋាភិបាលគាំទ្រធុរកិច្ច និងការវិនិយោគឯកជន។ ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (BAC) នាឱកាសនេះ ក៏មានរៀបចំរបៀបវារៈដែលអនុញ្ញាតឱ្យវិស័យឯកជនកម្ពុជា ដែលមានសមាសភាពពីសមាគមឧកញ៉ា និងធុរជនអាម៉េរិក បានជួបពិភាក្សាការងារ បង្កើតបណ្តាញទំនាក់ទំនង និងផ្គូផ្គងធុរកិច្ចផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ក៏បានបង្ហាញអំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដែលនឹងធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

យ៉ាងណាមិញចំពោះទំនាក់ទំនងទ្វេភាគី តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ ភាគីទាំងពីររំពឹងថានឹងអាចពិនិត្យលទ្ធភាព និងឱកាសរួមគ្នាក្នុងបង្កើតកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×