Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក កើនឡើងយ៉ាងឆាប់រហ័ស មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័ស មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២។

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងយ៉ាងដូចនេះ ក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នាមណ្ឌលសិក្សាបច្ចេកទេសធនាគារ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម យឹម លាត បានបន្តថា ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់បានបិទស្លាកតម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើង បានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកកម្ពស់ការប្រើប្រាស់ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ថ្មីៗនេះ ការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Cambodiatrade.com គឺជាការបោះជំហានមួយដ៏សំខាន់ ក្នុងការជំរុញការទូទាត់ប្រាក់រៀលជាអេឡិចត្រូនិក។

ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងចាប់ តាំងពីឆ្នាំ២០២០ មកជាមួយនឹងការគាំទ្រឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត អភិវឌ្ឍឧបករណ៍ទូទាត់អេឡិចត្រូនិកផងដែរ។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃការចូលរួមសម្រួលការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផងដែរ។ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជំរុញការទូទាត់ជាប្រាក់រៀលជាលំដាប់។

ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។

ទោះយ៉ាងណា មានហាងទំនិញប្រមាណ ២៨% ទទួលការទូទាត់តែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលបញ្ហានេះ ទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត។ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន មានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតនៅកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ ជំរុញការនាំចេញ ជំរុញការវិនិយោគនិងការប្រើប្រាស់ បង្កើនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ។

ឯកឧត្តម យឹម លាត បានគូសបញ្ជាក់ថា ថ្មីៗនេះ តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិ បានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់រៀល នឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតឡើងជាយថាហេតុ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។

ម្យ៉ាងវិញទៀត ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានចេញនូវវិធានការនានា ស្របតាមស្ថានភាពទីផ្សារ ការរៀបចំសិក្ខាសាលានិងយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបស្មារតីស្រឡាញ់ប្រាក់រៀល និងលើកកម្ពស់ការចូលរួមរបស់ សាធារណជនឱ្យងាកមកប្រើប្រាស់រូបិយវត្ថុជាតិ ឱ្យកាន់តែច្រើនជាងមុន។

បើតាមឯកឧត្តម យឹម លាត បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តវិធានការជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើនការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេសការដាក់ឱ្យអនុវត្តប្រកាសតម្រូវឱ្យមានការ ដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀល។ ការដាក់ស្លាកតម្លៃជាប្រាក់រៀល ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន ដូចជា៖ ពង្រឹងការយល់ដឹងរបស់សាធារណជន ពីកម្រិតថ្លៃជាប្រាក់រៀល, បង្កើនទម្លាប់នៃការប្រើប្រាស់ប្រាក់រៀល, បណ្តុះស្មារតីស្រឡាញ់ប្រាក់រៀល, ជំរុញការប្រើប្រាស់ប្រាក់រៀលយើង ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការប្តូរប្រាក់ជាដើម៕

×