ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា «ផ្លូវដែក ឥឡូវយើងមានមួយចំហៀងពីជើងទៅត្បូង ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីចរចារគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ ហើយយើងមិនអាចទុកតទៅទៀតទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ដើម្បីតភ្ជាប់ ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែក នៅត្រឹមដំណាច់ឆ្នាំ ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។
កម្ពុជាមានផ្លូវដែក ២ ខ្សែ ដែលមួយខ្សែចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត្រ និងមួយខ្សែទៀត ចេញពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង ២៦៦ គីឡូម៉ែត្រ។ បច្ចុប្បន្នសមត្ថភាពដឹកជញ្ជូនទំនិញតាមរថភ្លើង ធ្វើបានតែក្នុងរង្វង់ ៦ ឬ ៧ភាគរយនៃទំនិញទាំងអស់ដែលដឹកទៅកំពង់ផែ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ក្នុងរយៈពេលមធ្យម កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែកអាចបើកបានល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ទៅកាន់ក្រុងសៀមរាប។
សម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន ៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាមកំពង់ធំ និងសៀមរាប៕