Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ៖ ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ

កំពង់ចាម ៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស។

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី អបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយបានបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ២២,៥ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០,៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ២ លានដុល្លារអាមេរិក។

ក្នុងពិធីដ៏មហោទ្បារិក សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំនៅកម្ពុជា។

ក្រោមបរិយាកាសដ៏រីករាយ ជាមួយនឹងសមិទ្ធផលថ្មីបន្ថែមទៀតក្នុងវិស័យអប់រំនាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងថាការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ជាក់ស្តែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានបន្តផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស និងបានបន្ថែមមុំថ្មីមួយគឺ ”បច្ចេកវិទ្យា” ដើម្បីឱ្យស្របទៅនឹងការវិវត្ត ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

សម្តេចបវរធិបតី បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ ជាក់ស្តែងមកដល់ពេលនេះ កូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលនានាជាច្រើនទូទាំងប្រទេស។ អ្វីៗទាំងនេះ គឺផ្តើមចេញពីទស្សនៈ ”បង្កើត ពង្រីក និងពង្រឹង” ឱកាសអប់រំ ដែលសំដៅធ្វើយ៉ាងណា បង្កើតបរិស្ថានដែលអាចធានាបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងការបង្កើតសាលារៀន និងបង្កើនលទ្ធភាពឱ្យកូនចៅប្រជាពលរដ្ឋមានលទ្ធភាពចូលរៀន។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំកសាង និងកែលំអហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យកាន់តែល្អប្រសើរ ដោយមានការពង្រីកសាលាបន្ថែមកាន់តែច្រើនទៅដល់មូលដ្ឋាន និងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ចេញកម្មវិធីសិក្សា និងការបំពាក់បរិក្ខារសិក្សាកាន់តែទំនើប។

មុននឹងបញ្ចប់ សម្តេចបវរធិបតី បានថ្លែងអំណរគុណប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យ។ សម្តេចបវរធិបតីបានថ្លែងថា ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមានការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×