ភ្នំពេញ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «អត្ថប្រយោជន៍ក្នុងការចូលរួមវេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម សំ សីទ្ធីស័ក្ដិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា ដៃគូរសហការ សមាគម និងក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាច្រើនរូប នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។
កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍ដែលទទួលបានពីការចូលរួម «វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» ដែលជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក ក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodian2Global) នឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
សូមជម្រាបជូនថា សហគ្រិនកម្ពុជាទាំងអស់ អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ផលិតផលជាតិខ្មែរចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com ក្នុងឱកាសពិព័រណ៍ខាងមុខនេះ ហើយអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ គួរឱ្យកត់សម្គាល់សំរាប់អនាគតនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជនដូចជាកម្មវធីពាណិជ្ជកម្មឌីជីថល និង AI, ការការពារអ្នកប្រើប្រាស់, ការការពារទិន្នន័យ, សញ្ញាទុកចិត្តសម្រាប់ eCommerce, ជាពិសេស ក៏មានកម្មវិធីជជែកដេញដោលរបស់យុវជននៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល, កម្មវិធី E-Commerce Awards Night និងអបអរសាទរសមិទ្ធផលក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី