សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើក“ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” ក្រោមបរិយាកាសឱឡារិក និងអធិកអធម នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដែលជាសារៈសំខាន់នៃការធ្វើបដិសណ្ឋាការកិច្ចយ៉ាងកក់ក្តៅ ស្នាមញញឹម ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារសនិងសុខភាព រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប ព្រមទាំងវត្ថុអនុស្សាវរីយ៍ដែលផលិតដោយខ្មែរ ជាពិសេសការលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរផងដែរ។
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” ក្រោមបរិយាកាសឱឡារិក និងអធិកអធម នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ហើយក៏ជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហការកម្ពុជា-ចិន ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលបានឆ្លុះបញ្ជាំងទំនាក់ទំនងមិត្តភាពរវាងមិត្តចិន និងកម្ពុជា មានប្រវត្តិដ៏យូរលង់ និងត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ប្រែក្លាយជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងបានកសាង “សហគមន៍ជោគវាសនារួម ចិន-កម្ពុជា”។
នៅក្នុងកម្មវិធីបើក មានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្តសៀមរាប ស្ថានកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប តំណាងក្រសួង ស្ថាប័ន អង្គភាពថ្នាក់ក្រោមជាតិ វិស័យឯកជន និងបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណ ២០០នាក់។
សូមគូសបញ្ជាក់ថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរ។ ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសកិច្ចសហការដ៏ល្អនិងជិតស្និទ្ធក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃការការធ្វើបដិសណ្ឋាការកិច្ចកក់ក្តៅនិងស្នាមញញឹម ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារសនិងសុខភាព រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែបនិងទាក់ទាញ ព្រមទាំងវត្ថុអនុស្សាវរីយ៍ដែលផលិតដោយខ្មែរ។
ថ្លែងក្នុងពិធីដ៏អធិកអធមនេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន» នាពេលនេះ គឺនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោក។រក្សាសិទ្ធដោយ៖សុទ្ធលី