Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា សង្ឃឹមយ៉ាងមុតមាំថា ​នាពេលអនាគត​ កម្ពុជានឹងបន្តមានព្រៃឈើជាច្រើន​សម្រាប់អាស្រ័យផល​ ទាក់ទាញទឹកភ្លៀង​សម្រាប់ការធ្វើកសិកម្ម​ និងអាចប្រើប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រាមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី​ សង្កត់ធ្ងន់ថា ការដាំដើមឈើនៅទីនេះពិតជាមានសារៈសំខាន់​ ដែលទាមទារការចូលរួមពីបងប្អូនយើង​ទាំងអស់គ្នា​ ទាំងក្នុងការដាំ​ និងការចូលរួមថែរក្សាការពារព្រៃឈើ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជាធ្វើយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រើ​ មានបាន​ និងមានរហូត​ ដែលបានគិតគូរយ៉ាងវែងឆ្ងាយ​ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​។
ពាក់ព័ន្ធនឹងការពារអភិរក្ស​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលើកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈើយកដីដាំដំឡូងមី​ និងការទន្ទ្រានដីរដ្ឋ​ផ្សេងៗ មកគិតគូរពីនិរន្តរភាពព្រៃឈើ​ និងបរិស្ថាន​សម្រាប់កូនចៅយើងនាថ្ងៃមុខ​។
តាមរយៈការចូលរួមការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ឯកឧត្តមរដ្ឋមន្ដ្រី​ សង្ឃឹមយ៉ាងមុតមាំថា ​នាពេលអនាគត​ កម្ពុជានឹងបន្តមានព្រៃឈើជាច្រើន​សម្រាប់អាស្រ័យផល​ ទាក់ទាញទឹកភ្លៀង​សម្រាប់ការធ្វើកសិកម្ម​ និងអាចប្រើប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×